រាជធានីភ្នំពេញ ៖
បន្ទប់រោងជាងរបស់រោងចក្រកាត់ដេរសំលៀកបំពាក់យីហោ "ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ. ក" ត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ កម្មាការីនី នាំគ្នារត់ប្រសាចចេញពីរោងចក្រ។ ទោះបីជាយ៉ាងណានេះ ចាត់ទុកជាសំណាង ដោយសារតែសមត្ថកិច្ច រួមទាំងបុគ្គលិកកម្មករ នាំគ្នាជួយបាញ់ពន្លត់ទាន់ ពុំបណ្ដាឱ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅក្នុងរោងចក្រកាត់ដេសំលៀកបំពាក់មួយកន្លែងយីហោ"ស៊ូវ ហ្គូដ ហ្គាម៉ិន ឯ.ក" ក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមសាក្សី បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញភ្លើងបានឆាបឆេះចេញពីរោងជាងរបស់រោងចក្រផ្សែងហុយទ្រលោម បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្មករ នាំគ្នារត់ចេញប្រសាចពីរោងចក្រ។ ភ្លាមៗ បុគ្គលិកនិងកម្មករ បាននាំគ្នាជួយពន្លត់និងទាក់ទងទៅសមត្ថកិច្ច ហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង មកជួយអន្តរាគមន៍តែពុំទាន់បានបាញ់ ភ្លើងបានរលត់ទៅវិញ ពុំបណ្ដាឲ្យឆេះរាលដាលធ្ងន់ធ្ងរឡើយ ។
តាមព័ត៌មានឲ្យដឹងថា អគ្គិភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់រោងជាងហើយឆេះរាលដាល បណ្ដាលឲ្យសម្ភារៈមួយចំនួននៅក្នុងបន្ទប់រោងជាង រងការខូចខាត ៕