នគរបាលស្រុកគងពិសី ឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ក្រោយណាត់វាយកាប់គ្នាជាមួយក្មេងទំនើងមួយក្រុមទៀត ដើម្បីណ្តើមយកជើងខ្លាំងប្រចាំភូមិ

National • January 31, 2025
 នគរបាលស្រុកគងពិសី ឃាត់ខ្លួនក្មេងទំនើង៤នាក់ ក្នុងចំណោមបក្ខពួក១០នាក់ ក្រោយណាត់វាយកាប់គ្នាជាមួយក្មេងទំនើងមួយក្រុមទៀត ដើម្បីណ្តើមយកជើងខ្លាំងប្រចាំភូមិ

កំពង់ស្ពឺ ៖ 

ប្រជាពលរដ្ឋរស់នៅក្នុងភូមិចម្ការដូង ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានការភ្ញាក់ផ្អើល ក្រោយទទួលដំណឹងថា មានក្មេងទំនើងពីរក្រុម បានណាត់ជួបគ្នា ដើម្បីបើកឆាកប្រយុទ្ធគ្នាដណ្តើមយកជើងខ្លាំងប្រចាំភូមិ។ ក្រោយទទួលបានដំណឹងនេះ ក៏បានរាយការណ៍ដល់សមត្ថកិច្ចនគរបាលឱ្យចុះអន្តរាគមន៍និងចាប់ខ្លួនបាន៤នាក់ភ្លាម ៗ បញ្ជូនទៅកាន់ស្នងការនគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមផ្លូវច្បាប់។

មន្ត្រីនគរបាលស្រុកគងពិសី បានឱ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ថាក្រោយឃាត់ខ្លួនក្មេងទំនើង៤នាក់ខាងលើ បក្ខពួក៦នាក់ផ្សេងទៀត បានគេចខ្លួន ហើយសមត្ថកិច្ច បាននិងកំពុងស្រាវជ្រាវបន្ត ដើម្បីចាប់ខ្លួនយកផ្តន្ទាទោសតាមច្បាប់។ 

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង ៤នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន បានសារភាពថា បក្ខពួករបស់ខ្លួនមានគ្នាចំនួន ១០នាក់ ម៉ូតូ៤គ្រឿង ប្រដាប់ដោយអាវុធគ្រប់ដៃ កាំបិត ដាវ និងដុំថ្ម បាននាំគ្នាទៅកាន់ភូមិចំការដូង ដើម្បីប្រយុទ្ធជាមួយក្រុមក្មេងមួយក្រុមទៀត នៅភូមិចម្ការដូង ដែលបានស្តោះទឹកមាត់ឌឺដងពាក្យសម្ដីមកលើក្រុមខ្លួន។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង០៤នាក់ ត្រូវបានបញ្ជូនទៅកាន់អយ្យការសាលាដំបូងរួចហើយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥  ដើម្បីចាត់ការតាមផ្លូវច្បាប់៕