វិស័យប្រកួតសម្រស់នៅក្នុងប្រទេសកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំសង្កេតឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ហើយបវរកញ្ញាដែលបានតំណាងឱ្យប្រទេសកម្ពុជាទៅប្រកួតនៅលើឆាកអន្តរជាតិមួយរយៈចុងក្រោយនេះទៀតសោត ក៏ទទួលបានលទ្ធផលល្អប្រសើរត្រលប់មកវិញផងដែរ។ ដោយឡែកកម្មវិធីដែលទើបនឹងបង្កើតឡើងនៅក្នុងឆ្នាំដំបូងបំផុតរបស់ខ្លួននៅក្នុងប្រទេស មីសឡាកាម៉ូខេមបូឌា (Miss Lakamo Cambodia) ឆ្នាំ ២០២៥ ក៏បានបង្ហាញបេក្ខនារីចូលរួមជាផ្លូវការចំនួន២៥រូបរួចរាល់ហើយដែរ ដែលសុទ្ធសឹងតែជាបេក្ខនារីពូកែ និងមានសមត្ថភាពគ្រប់ៗគ្នា។ នៅក្នុងនោះមហាជនជាច្រើនក៏បាននឹងកំពុងចាប់អារម្មណ៍ទៅលើបេក្ខនារីម្នាក់ដែលបានដាក់ពាក្យប្រកួតនៅក្នុងកម្មវិធីខាងលើ នោះគឺកញ្ញា ធី គន្ធា។
គន្ធា គឺជាបវរកញ្ញាដែលមានការតស៊ូខ្ពស់ មិនបោះបង់ចោលក្តីស្រមៃដែលខ្លួនបានដៅទុកនោះទេ មិនតែប៉ុណ្ណោះស្រីស្អាតរូបនេះក៏ជាបវរកញ្ញាមួយរូបដែលមកដោយក្តីសង្ឃឹម និងបទពិសោធពេញខ្លួនផងដែរ ពោលគឺកាលពីឆ្នាំ២០២៣ គន្ធា បានដាក់ពាក្យប្រកួតនៅក្នុងកម្មវិធីបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ដែលជាបទពិសោធដំបូងបំផុតនៅក្នុងការប្រកួតសម្រស់របស់ខ្លួន ប៉ុន្តែជាលទ្ធផល គន្ធា ទទួលបានតំណែងកំពូល១៥រូបចុងក្រោយពីកម្មវិធី។ នៅក្នុងឆ្នាំ ២០២៤ បវរកញ្ញារូបនេះបានមកម្តងទៀតនៅក្នុងកម្មវិធីបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ជាមួយនឹងរូបរាងថ្មី សមត្ថភាពកាន់តែខ្លាំងជាងមុន ហើយជាលទ្ធផល គន្ធា ទទួលបានតំណែងកំពូល១១រូបចុងក្រោយពីកម្មវិធី។
យ៉ាងណាមិញ សម្រាប់ការវិលត្រលប់មកកាន់ឆ្នាំ២០២៥ នៅលើវិថីនៃការប្រកួតសម្រស់ម្តងទៀត ក្នុងនាមជាបេក្ខនារី មីសឡាកាម៉ូខេមបូឌា (Miss Lakamo Cambodia) បវរកញ្ញាវ័យក្មេងរូបនេះត្រូវបានមហាជនអ្នកស្នេហាវិស័យប្រកួតសម្រស់ កំពុងតែសង្កេតមើលទៅលើការវិវត្តខ្លួនរបស់បវរកញ្ញារូបនេះជាខ្លាំង ព្រោះនេះគឺជាឆ្នាំទីបីហើយដែលកញ្ញា ធី គន្ធា បានធ្វើការវិលត្រលប់៕