ខេត្តបាត់ដំបង៖
ក្មេងប្រុសស្រី០២នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះផ្ទះលក់ចាប់ហួយ០១ខ្នងនៅវេលាម៉ោង ១១និង១០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នៅចំណុចក្រុម០១ ភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ផ្ទះតូបលក់ចាប់ហួយដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៥ម៉ែត្រX១២ម៉ែត្រ សង់ផ្ទាល់ដី ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង និងស្លាប់កូនបង្កើតចំនួន ០២នាក់ ទី១-ឈ្មោះ ស៊ីថា សាវឌី ភេទស្រី អាយុ ១២ឆ្នាំ និងទី២-ឈ្មោះ ស៊ីថា សុវណ្ណដា ភេទប្រុស អាយុ ០៥ឆ្នាំ ដែលម្ចាស់ផ្ទះឈ្មោះ ហ៊ុន សុគន្ធី ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ម្តាយបង្កើតថា នៅវេលាម៉ោង ២០និង៣០នាទី គាត់បានចាក់សោរខាងក្រៅហើយគាត់ចេញទៅដកស្មៅបន្លែនៅខាងក្រោយផ្ទះចំងាយប្រហែល ១៦០ម៉ែត្រ លុះដល់ម៉ោង ប្រហែល ២៣ជាង ស្រាប់តែឮសូរផ្ទុះបឹងងាកមកផ្ទះឃើញភ្លើងឆេះអស់បាត់ទៅហើយ ដែលនៅក្នុងផ្ទះមានសាំង០២ពីដុង ម៉ូតូ២គ្រឿងសាំងពេញ និងដបហ្គាសជាច្រើនដបទៀតផងដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ ភ្លាមៗនោះសមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គិភ័យទេដោយសារពេលទទួលព័ត៌មានគឺឆេះអស់បាត់ហើយ៕