ខេត្តស្វាយរៀង ៖
ក្មេងទំនើងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុករំដួល ស្រាវជ្រាវនិងធ្វើការឃាត់ខ្លួន ក្រោយពីថតបង្ហោះវីដេអូតាមបណ្តាញសង្គម គម្រាមអ្នកដទៃដោយកាន់កាំបិតនាពេលកន្លងមក ។
ក្រោយពីទទួលបានបទបញ្ជារបស់លោកស្នងការខេត្តស្វាយរៀង កំលាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនក្មេងទំនើងម្នាក់ មានឈ្មោះ អាន ផាន់ណា ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ដែលបានថតវីដេអូ និងបង្ហោះតាមបណ្តាញសង្គម និងបានផ្ញើរសារវីដេអូ គម្រាមអ្នកដទៃ មានទាំងកាំបិត ។ ហើយវត្ថុតាងដែលដកហូតបាន រួមមាន៖ កាំបិត ០២ដើម និងទូរស័ព្ទដៃ ០១គ្រឿង ។
នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងខាងលើនេះ បានឆ្លើយសារភាពថាខ្លួន ពិតជាបានថត និងផ្ញើរវីដេអូទៅអ្នកដទៃមានទាំងកាំបិត ពិតប្រាកដមែន ។
បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ និងត្រូវបានសាលាដំបូងខេត្ត ចេញដីកាឃុំខ្លួនក្នុងពន្ធនាគារខេត្តរួចហើយ! នៅថ្ងៃទី៦ខែមករាឆ្នាំ២០២៥នេះ ៕