ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា ភាគីចិន បានចាប់អារម្មណ៍ចំពោះការហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរ ហើយក៏បានដាក់សំណើរសុំគ្រូបង្វឹកគុនខ្មែរពីកម្ពុជាផងដែរ កាលពីឆ្នាំ២០២៤។ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកព័ត៌មាននេះ ជាកិច្ចសហការល្អ និងជាការផ្សព្វផ្សាយគុនខ្មែរ ទៅឆាកអន្ដរជាតិផង ។ តែយ៉ាងណា សហព័ន្ធ មិនទាន់អាចបញ្ជូនគ្រូបង្វឹកទៅតាមសំណើរបានឡើយ។ 

ឯកឧត្តម ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្ថែមថា សហព័ន្ធ ត្រូវការពេលវេលាបន្ថែម ដើម្បីបណ្ដុះបណ្ដាលធនធានគ្រូបង្វឹកគុនខ្មែរ ឲ្យមានសមត្ថភាពខ្ពស់ថែមទៀត ឲ្យឈានដល់កម្រិតអន្ដរជាតិមុននឹងបញ្ជូនគ្រូបង្វឹកទៅតាមសំណើរបាន។ 

តួយ៉ាងសម្រាប់ឆ្នាំ២០២៥នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងបើកភ្លើងខៀវបញ្ជូនគ្រូបង្វឹកគុនខ្មែរ ទៅតាមសំណើរបស់ប្រទេសណាមួយ ដែលចង់បានគ្រូបង្វឹកគុនខ្មែរ ។ 

ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបន្តថា កន្លងមកខាងភាគីចិន ធ្លាប់ានបស្នើសុំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បញ្ជូនគ្រូបង្វឹកទៅបណ្ដុះបណ្ដាលកីឡាប្រដាល់គុនខ្មែរ នៅប្រទេសចិន។ ប៉ុន្ដែ ដោយសារយើងនៅមានការខ្វះខាតធនធានគ្រូបង្វឹក ហេតុនេះ យើងក៏មិនបានឆ្លើយតបទៅតាមសំណើរភាគីរបស់ចិននោះទេ។ មកទល់ពេលនេះ មិនទាន់មានការជជែក និងពិភាក្សាគ្នាណាមួយទៀត ឲ្យស៊ីបានជម្រៅអ្វីនោះដែរ ដូចជាការបញ្ជូនគ្រូទៅបង្វឹកនៅប្រទេសចិន និងការបញ្ជូនអត្ដពលិកចិន បញ្ជូនមកហ្វឹកហាត់គុនខ្មែរ នៅកម្ពុជាផងនេះ។

យ៉ាងណាមិញ ខាងសហ័ពន្ធគុនខ្មែរ រង់ចាំតែទទួលការពិភាក្សាគ្នា អំពីរឿងកិច្ចសហប្រតិបត្តការ នាំគុនខ្មែរ ទៅផ្សព្វផ្សាយ ឲ្យពិភពលោក កាន់តែស្គាល់គុនខ្មែរ របស់យើង ផងដែរ។