ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា អ៊ុក សារ៉ែន អនុប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា អញ្ជើញជាអធិបតីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកីឡាគុនដាវកម្រិត១ ឆ្នាំ២០២៤ ដោយការចូលរួមពីសំណាក់ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជន ព្រមទាំង លោក លោកស្រី តំណាងក្លិប សមាគម រាជធានីខេត្ត ។

លោក សុខ អាង អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាគុនដាវកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវកម្រិត១ ប្រចាំឆ្នាំ២០២៤ ដោយមានសិក្ខាកាម តំណាងក្លិបគុនដាវ ទាំង៨ រាជធានី ខេត្ត ដែលជាគ្រូបង្វឹកថ្មីកីឡាគុនដាវ។ វគ្គនេះមានគោលបំណងពង្រីកសមត្ថភាព និងបង្កើនចំនួនគ្រូបង្វឹកនៅកម្ពុជា ដើម្បីពង្រីកពង្រាយគ្រូបង្វឹកតាមបណ្ដាខេត្តស្របតាមផែនការរបស់សហព័ន្ធកីឡាគុនដាវកម្ពុជាក្នុងការអភិវឌ្ឍឆ្ពោះទៅពេលអនាគត។ វគ្គនេះរៀបចំឡើងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ដែលបង្រៀនដោយគ្រូឧទ្ទេសអន្ដរជាតិជនជាតិជប៉ុន។ 

លោកអគ្គលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា ក្រោយបញ្ចប់ការសិក្សាសហព័ន្ធនឹងធ្វើការវាយតម្លៃ ហើយសម្រាប់សិក្ខាកាមមាននិទ្ទេសល្អ នឹងទទួលបានការអញ្ជើញមករៀននៅវគ្គបន្ដបន្ទាប់ទៀត។ ដូច្នេះការរៀនវគ្គដំបូងនេះ ផ្ដោតលើមូលដ្ឋានគ្រឹះនៃកីឡាគុនដាវ ដែលសហព័ន្ធបានជំរុញឱ្យសិក្ខាកាម ក្រោយទទួលបានចំណេះដឹង ត្រូវចូលរួមផ្សព្វផ្សាយ និងចាប់ផ្ដើមការហ្វឹកហាត់ដល់សិស្សានុសិស្សតាមបណ្ដាខេត្ត និងសាលារៀននានា។

លោកឧកញ៉ា អ៊ុក សារ៉ែន អនុប្រធាន សហព័ន្ធកីឡាគុនដាវកម្ពុជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាគុនដាវកម្រិត១នេះ ត្រូវបានបង្កើតឡើង ស្របតាមគោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល៖ “ប្រជាពលរដ្ឋម្នាក់លេងកីឡា មួយប្រភេទប្រចាំជីវីត” និងផែនការមេរបស់សហព័ន្ធកីឡាគុនដាវ គឺ“បង្កើនការចូលរួម”។ ហើយវគ្គនេះត្រូវបានតាក់តែងមេរៀនក្នុងកម្រិតមូលដ្ឋានស្របតាមលក្ខខណ្ឌ និងកម្រិតជំនាញរបស់គោលដៅសិក្ខាកាម។ 

លោកឧកញ៉ា អនុប្រធាន សហព័ន្ធកីឡាគុនដាវកម្ពុជា មានប្រសាសន៍បន្ថែមទៀតថា វគ្គបណ្តុះបណ្តាលគ្រូបង្វឹកនេះ ត្រូវបានបែងចែកជា៤កម្រិត កម្រិត១ មូលដ្ឋានគ្រឹះនៃកីឡាគុនដាវ និងការចាប់ផ្តើមហ្វឹកហាត់ កម្រិត២ ផែនការហ្វឹកហាត់ និងត្រៀមចូលរួមការប្រកួត កម្រិត៣ ការរៀបចំការប្រកួត និងការជួសជុលសម្ភារៈ និងឧបករណ៍គុនដាវ និងកម្រិត៤ អាជ្ញាកណ្តាលកីឡាគុនដាវ ។

ក្នុងនាមសហព័ន្ធកីឡាគុនដាវកម្ពុជា លោកឧកញ៉ា បានថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធបន្តការអភិវឌ្ឍ និងនិរន្តរភាពរបស់ខ្លួន ជាពិសេសបានថ្លែងអំណរគុណ ដល់លោកគ្រូឧទ្ទេសអន្ដរជាតិជនជាតិជប៉ុន ដែលបានចំណាយ ពេលវេលា ដ៏មានតម្លៃ មកចែករំលែកចំណេះដឹង និងបទពិសោធដល់សិក្ខាកាម៕