ស្វាយរៀង៖ 

អាជ្ញាធរ បានបើកប្រតិបត្តិការរំដោះមនុស្សចំនួន១៤នាក់ និង១២នាក់ទៀតត្រូវចាប់ខ្លួន ក្រោយមានការចែករំលែកវីដេអូឃ្លីបមួយលើបណ្តាញព័ត៌មានសង្គម បង្ហាញពីសកម្មភាពមនុស្សមួយក្រុម ស្លៀកឈុតពណ៌ខ្មៅ វាយដុំទៅលើជនជាតិបរទេសយ៉ាងកម្រោល បន្ទាប់ពីព្យាយាមរត់ចេញពីទីតាំងអគារមួយ ស្ថិតក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១០យប់ បន្ទាប់ពីទទួលបានព័ត៌មានបង្ហោះលើគណនីហ្វេសប៊ុកឈ្មោះ Pen Mam បានបង្ហោះថា៖ ចិនធ្វើការអនឡាញនៅបាវិតខេត្តស្វាយរៀងលួចរត់ ត្រូវបានក្រុមកាង ដេញចាប់វ៉ៃគ្នាដូចសត្វធាតុនោះ លោក លឹម សៀងហេង អភិបាលក្រុងបាវិត សហការជាមួយកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរៈសេនីយ៍ឯក គឹម ឡៃ ស្នងការរង  កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត  កម្លាំងកងរាជអាវុធហត្ថក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់ក្រុមហ៊ុនកាស៊ីណូ អេអាយកាំង ស្ថិតក្នុងភូមិប្រាសាទ សង្កាត់ប្រាសាទ ក្រុងបាវិត ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យជុំវិញទីតាំងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីធ្វើការស្រាវជ្រាវ និងពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព សមត្ថកិច្ច បានរំដោះជនរងគ្រោះជាជនជាតិវៀតណាមចំនួន ១៤នាក់ ក្នុងនោះ របួសធ្ងន់៦នាក់ សម្រាលព្យាបាលនៅមន្ទីរបង្អែកជីភូ និងរបួសស្រាល៨នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត និងជនសង្ស័យចំនួន១២នាក់ មានខ្មែរ៨នាក់ និងចិន៤នាក់ យកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីធ្វើការសាកសួរ៕