រាជធានីភ្នំពេញ ៖
ម៉ូតូប្រមាណជិត២០គ្រឿង បានរអិលដួលជាបន្តបន្ទាប់ បណ្ដាអោយរងរបួសជាច្រើននាក់ ដោយសាររអិលប្រេងម៉ាស៊ីនដែលកំពប់នៅលើដងផ្លូវ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ ២០២៥ នៅតាមបណ្ដោយផ្លូវបេតុងចូលទៅរោងចក្រQMI មុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ក្នុងភូមិជម្ពូវ័នសង្កាត់ចោមចៅ ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
តាមសាក្សី បានឲ្យដឹងថានៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈពេលដែលសិស្សនិងអ្នកដំណើរ បានធ្វើដំណើរចាកចេញពីលំនៅដ្ឋានទៅសាលារៀននិងទៅធ្វើការប្រកបមុខរបររកស៊ី។ នៅពេលធ្វើដំណើរតាមផ្លូវបេតុង ជិតដល់ផ្លូវជាតិលេខ៤មុខវិទ្យាល័យហ៊ុនសែនជម្ពូវ័ន ក៏បានជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ដោយសារតែរអិលប្រេងម៉ាស៊ីនដែលហូរធ្លាក់ពេញផ្លូវ ។
តាមប្រជាពលរដ្ឋដែលរស់នៅក្បែរខាង បានឲ្យដឹងថានៅវេលាព្រឹកនោះ មានរថយន្តមួយគ្រឿង បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងហើយបានហូរប្រេងងចេញពីម៉ាស៊ីនធ្លាក់ពេញផ្លូវ។ ស្របពេលនោះអ្នកដំណើរមកពីក្រោយ បានមកដល់ហើយរអិលដួល ជាបន្តបន្ទាប់។ ម៉ូតូប្រមាណជិត 20គ្រឿង បានដួលនិងរងរបួសជាបន្តបន្ទាន់ ភាគច្រើន ជាអ្នកជិះម៉ូតូអាណាព្យាបាលជូនសិស្សទៅសាលារៀននិងម៉ូតូកូនសិស្សដែលធ្វើដំណើរទៅរៀន ៕