ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានអញ្ជើញជាអធិបតីភាពបើកវគ្គសាលាស្តីពី “ការបង្កើតផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា” ដែលមានការចូលរួមពីលោកសាស្រ្តាចារ្យ ហារ៉ា យូអ៊ីជិ លោក នីស៊ីយ៉ាម៉ា ណាអូគិ លោក ម៉ាំង វិបុល អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិសិ្សត ព្រមទាំងអស់លោក លោកស្រីពាក់ព័ន្ធ ។
គោលបំណងនៃសិក្ខាសាលា គឺដើម្បីយល់ដឹងពីសកម្មភាព សមិទ្ធិផល បញ្ហាប្រឈម និងដំណោះស្រាយនៃផែនការផ្សព្វផ្សាយ ការអនុវត្តនៅក្នុងរាជធានី-ខេត្តគោលដៅរហូតដល់បច្ចុប្បន្ននេះ ។ ដើម្បីបង្កើតផែនការផ្សព្វផ្សាយមុខវិជ្ជាអប់រំកាយដែលនឹងត្រូវបង្កើតឡើងដោយថវិការផ្ទាល់ខ្លួន និងការជួយជ្រោមជ្រែងពីសហគមន៍ និងមាតាបិតា និងការបង្កើតផែនការផ្សព្វផ្សាយដើម្បីស្នើរសុំទៅក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពិធីបិទបញ្ចប់គម្រោង ។
សូមបញ្ជាក់ថា យោងតាមអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ស្ថិតក្រោមកម្មវិធីភាពជាដៃគូរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ស្តីពីគម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” គឺការសិក្សាគុណភាពអប់រំកាយចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ ដែលត្រូវអនុវត្តចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ២០២៥ ហើយសិក្ខាសាលានេះជាសិក្ខាសាលាចុងក្រោយ នៃការបញ្ចប់គម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” របស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ។
វគ្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥) ដែលមានសិក្ខាកាមចូលរួមមកពីមន្ទីរអប់រំកាយ និងកីឡារាជធានី-ខេត្ត ការិយាល័យអប់រំកាយ និងកីឡារដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន៤២នាក់ និងគណៈគ្រប់គ្រងសាលា គ្រូបង្រៀន និងគ្រូអប់រំកាយ ១០៨នាក់ នៃរាជធានីភ្នំពេញ ខេត្តបាត់ដំបង និងខេត្តស្វាយរៀង ៕