កំពង់ស្ពឺ ៖ 

ដោយអនុវត្តតាមបទបញ្ជាលោកស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជុំវិញវិធានការបង្រ្កាបក្រុមក្មេងទំនើងក្នុងខេត្តកំពង់ស្ពឺនោះ កាលពីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិសាលាគ្រួស ឃុំព្រះនិព្វាន ស្រុកគងពិសី មានករណីហិង្សាបង្កឡើងដោយក្រុមក្មេងទំនើងចំនួន០២ក្រុម បានបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមក រួចបានរត់គេចខ្លួនបាត់អស់ ។

យោងតាមការបញ្ជាក់ពីលោកអធិការនគរបាលស្រុកគងពិសី បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចនគរបាល បានកំណត់មុខសញ្ញាក្មេងទំនើង ទាំង០២ក្រុម និងឈានទៅធ្វើការឃាត់ខ្លួនបាន០៨នាក់ និង មួយចំនួនទៀត កំពុងរត់គេចខ្លួន។ ក្នុងកិច្ចប្រតិបត្ដិការស្រាវជ្រាវនិងបង្ក្រាបក្រុមក្មេងទំនើងនេះ សមត្ថកិច្ចដកហូតបាន ម៉ូតូ០៤គ្រឿង ដាវ ០២ដើម កាំបិតបុ័ងតោ០១ និងថ្ម ០២ដុំ ។ 

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលអធិការស្រុក បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ ៕