រាជធានីភ្នំពេញ ៖ 

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការឃាត់ខ្លួនអ្នកប្រើប្រាស់និងរក្សាទុកគ្រឿងញៀន ប្រុសស្រី៣នាក់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅចំណុចផ្ទះជួលមួយកន្លែង នៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

នគរបាល បានប្រាប់ថានៅព្រឹកថ្ងៃកើតហេតុ កម្លាំងនគរបាលខាងលើ បានសហការជាមួយនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងលោកមេភូមិព្រៃទា ១ បានចុះធ្វើរដ្ឋបាលនៅចំណុចផ្ទះជួលនោះ។ ពេលទៅដល់ បានឃើញជនសង្ស័យម្នាក់ឈ្មោះសឹង្ហ ឌី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅខេត្តព្រៃវែង កំពុងស្ថិតនៅក្នុងបន្ទប់ជួលជាមួយប្រពន្ធ ។ 

ពេលនោះ ដោយមានការសង្ស័យទៅលើបុរសនោះ នគរបាល ក៏បានសុំធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ស្រាប់តែជនសង្ស័យសារភាពថា«ខ្លួនបានប្រើប្រាស់គ្រឿងញៀន » ទើបនគរបាលឃាត់ខ្លួននិងដកហូតម៉ូតូធំ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1HG-5143។ ចំណែកប្រពន្ធ មិនមានការពាក់ព័ន្ធនោះឡើយ ។

បន្ទាប់មក កម្លាំងនគរបាល ក៏បានបន្តទៅឆែកឆេរនៅជាន់ទី២ ហើយនៅក្នុងបន្ទប់លេខ៨ បានរកឃើញស្រ្តី២នាក់១,ឈ្មោះ កែវ សុវណ្ណស្រីពេជ្រ អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ២,ឈ្មោះទឹប ផានិត អាយុ២៣ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានរក្សាទុកគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ក៏បានឃាត់ខ្លួនទាំង២នាក់ ព្រមទាំងដកហូតបានថ្នាំញៀន២កញ្ចប់ និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។ 

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នោះបានហើយ នគរបាល ក៏បាននាំយកទៅកាន់អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕