វិស័យកីឡានៅកម្ពុជាបានបាត់វត្តមានទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត កាន់អំណាច់ដោយ ប៉ុលពត ក្នុងរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ចន្លោះពីថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ អំឡុងពេលនោះ ធនធានកីឡាករកីឡាការិនី និងគ្រូបង្វឹកឆ្នើមៗ ក៏ត្រូវបានសម្លាប់ស្ទើរទាំងអស់ ។ធនធានកីឡាដែលនៅសេសសល់ មានតិចតួចបំផុត និងមានសុខភាពទ្រុឌទ្រោមទៀតផង ។

គុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់វីរយុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានសង្គ្រោះជាតិខ្មែរឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺជ័យជម្នះនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ បានផ្តួលរំលំរបបវាលពិឃាត និងសង្រ្គោះប្រជាជន ប្រជាជាតិកម្ពុជាឲ្យរស់រានឡើងវិញ ។

ផ្តើមចេញពីថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ គ្រប់វិស័យត្រូវបានស្តារនិងកសាងឡើងវិញ ពីបាតដៃទទេ ក្នុងនោះក៏មានវិស័យកីឡាផងដែរ។ ក្នុងរយៈពេលជាង៤០ឆ្នាំកីឡារស់ក្រោមម្លប់សន្តិភាព និងការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា ដែលមានមគ្គុទេ្ទសក៍ដ៏ឆ្នើមសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តវេន សម្តេច មហាបវរធិតី ហ៊ុន ម៉ាណែត ដែលបានយកចិត្តទុកដាក់គាំទ្រធ្វើឱ្យវិស័យកីឡានៅកម្ពុជាល្បីរន្ទឺសុះសាយលើឆាកអន្តរជាតិ តាមរយៈការទទួលធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ ។

លោកស្រី ប្រាក់ សម្ភស្ស ពិធីការិនីកីឡាដ៏ឆ្នើម និងជាអតីតកីឡាការិនីបាល់ទះ ក្នុងឆ្នាំ១៩៨០ បានប្រាប់ថា កីឡារបស់កម្ពុជាថ្វីដ្បិតបង្កើតឡើងវិញក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ដែលអាចនិយាយបានថា ក្នុងតំបន់អាស៊ាន កម្ពុជាបង្កើតវិញក្រោយគេ ក៏ពិតមែន ប៉ុន្តែមកដល់ពេលបច្ចុប្បន្នគឺមានសក្តានុពលប្រហាក់ប្រហែលនឹងប្រទេសខ្លាំងៗក្នុងប្រទេសតំបន់អាស៊ាន ។ជាក់ស្តែងកីឡាបាល់ទះ ដែលជាកីឡាលេងជាក្រុម ក៏មានលទ្ធភាពដណ្តើមបានមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ធំប្រចាំតំបន់រៀងរាល់២ឆ្នាំម្តង គឺព្រឹត្តិការណ៍ កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។ 

លោកស្រីបានបន្តថា សមិទ្ធផលទទួលបានទាំងអស់នេះ គឺផ្តើមចេញពីសុខសន្តិភាពពេញលេញជាលទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្ដេចតេជោ ហ៊ុន សែន។ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្រ្ត នៃការរស់រាន និងការស្តារ កសាង ប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឲ្យកម្ពុជាស្មើមុខ ស្មើសិទ្ធិនៅលើឆាកអន្តរជាតិ ៕