ខេត្តកំពង់ស្ពឺ ៖

យុវជនម្នាក់ បានដេកស្លាប់នៅកន្លែងមាត់អូរក្នុងចំការអំពៅ ខណៈដែលផឹកស៊ីជុំគ្នាសង្ស័យស្រវឹងស្រា ស្ពាយដុំឆក់ ដើរឆក់ត្រី ខុសបច្ចេកទេស ក៏ឆក់ខ្លួនឯងស្លាប់តែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះពិនិត្យ ។

ការភ្ញាក់ផ្អើលយុវជនម្នាក់ដើរឆក់ត្រី ឆក់ខ្លួនឯងស្លាប់នេះ កើតឡើងកាលពីយប់ថ្ងៃទី០២ ខែមករា ២០២៥ នៅចំណុចចម្ការដូង ឈ្មោះ ងួន ញ៉ក់ ស្ថិតក្នុងភូមិទំនាប ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។  

នគរបាលស្រុកថ្ពង បាននិយាយឱ្យដឹងថា បើយោងតាមការបំភ្លឺរបស់ឈ្មោះខឹម វុទ្ធី ភេទប្រុស អាយុ៥០ឆ្នាំជាអ្នកចាំចំការនៅចំណុចកើតហេតុខាងលើ ត្រូវជាពូថ្លៃជនរងគ្រោះ ឈ្មោះ ណាត ណេត ភេទប្រុស អាយុ២៨ឆ្នាំមុខរបរចាំចំការដូងជាមួយគ្នា គឺនៅម៉ោងប្រហែលជា ៨យប់ ថ្ងៃទី០១ ខែមករា ពួកគេ បានសម្រាកពីការផឹកស៊ីជាមួយគ្នា រួចចូលដេករៀងៗខ្លួន ។ 

លុះព្រឹកឡើងមិនឃើញក្មួយ ក៏បានដើររកជុំវិញផ្ទះហើយបានបាត់ឧបករណ៍ឆក់ត្រីសង្ស័យថា ក្មួយទៅឆក់ត្រី ក៏បានដើររកនៅតាមអូរ រហូតដល់ក្នុងចំការអំពៅ លុះដល់ចំណុចអូរត្រពាំងត្នោត ក្នុងចំការអំពៅ រួចខ្លួន ក៏បានដើររកតាមអូរ ក៏ប្រទះឃើញដេកស្លាប់នៅមាត់អូរ ដោយឧបករណ៍ឆក់ត្រីមិនបានបិទចរន្តនិងស្ពាយនៅជាប់ខ្នង ហើយថែមទាំងមានត្រីមួយស្បោងនៅជាប់និងខ្លួន ផងដែរ ។

នគរបាលស្រុកថ្ពង បានបញ្ជាក់ថា÷ក្រោយទទួលបានព័ត៌មាន ជំនាញបានសហការជានគរបាលប៉ុស្តិ៍ឃុំ ចុះដល់កន្លែងកើតហេតុ ធ្វើកោសលវិច្ច័យលើសាកសព ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ និង ពុំមានពាក់ព័ន្ធករណីឃាតកម្មឡើយ ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបាននគរបាលជំនាញប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕