ខេត្តកំពង់ស្ពឺ ៖ 

ក្រុមជនសង្ស័យមានស្រី-ប្រុស ជនជាតិខ្មែរ និងជនជាតិចិនចំនួន១៨នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនបាន នៅក្នុងទីតាំងល្បែងអនឡាញលួចលាក់លេងយូរខែឆ្នាំណាស់មកហើយ ។

ការបង្ក្រាបទីតាំងល្បែងខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យទាំង១៨នាក់ខាងលើ សមត្ថកិច្ច ក៏បានដកហូតវត្ថុតាងបាន រួមមាន៖ទូរស័ព្ទចំនួន១៦គ្រឿង,លិខិតឆ្លងដែនចំនួន២,តុ លេងបៀចំនួន៧និងតុហ្គេមត្រីចំនួន២, កៅអីចំនួន២៥, ឡានចំនួន០១គ្រឿង, សម្ភារៈលេងបៀនិងកាក់មួយចំនួន និង លោហៈធាតុពណ៌លឿង(ខ្សែក) ចំនួន ០១ខ្សែ ។

បច្ចុប្បន្ន ក្រុមជនសង្ស័យខាងលើ រួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕