លោកប្រធានាធិបតីប្រទេសកេនយ៉ា វីលៀម រ៉ូតូ (William Ruto) បានជំរុញឲ្យលោកប្រធានាធិបតីប្រទេសរវ៉ាន់ដា និងកុងហ្គោ «គោរពតាមការអំពាវនាវនៃសន្តិភាព» នឹងបាននិយាយថា មេដឹកនាំនៃប្លុកសហគមន៍អាហ្រ្វិកខាងកើត បានយល់ព្រមរៀបចំកិច្ចប្រជុំកំពូលវិសាមញ្ញមួយ ដើម្បីដោះស្រាយជម្លោះបច្ចុប្បន្ននៅភាគខាងកើតប្រទេសកុងហ្គោ។ ក្រុមឧទ្ទាម M23 ដែលត្រូវបានរាយការណ៍ថាគាំទ្រដោយប្រទេសរវ៉ាន់ដា បានបង្កើនការឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលសម្បូរទៅដោយសារធាតុរ៉ែ ខណៈដែលជម្លោះនៅព្រំដែនភាគខាងកើត បានបង្កើនការភ័យខ្លាចថា ការប្រយុទ្ធគ្នានេះ អាចរីករាលដាលពាសពេញតំបន់។ រយៈពេល 3 ឆ្នាំនៃការបះបោរ ក្រុមឧទ្ទាម M23 បច្ចុប្បន្នកំពុងគ្រប់គ្រងទឹកដីរបស់ប្រទេសកុងហ្គោកាន់តែច្រើនជាងពេលមុន ព្រមទាំងបានប្តេជ្ញាវាយដណ្តើមយកទីក្រុង ហ្គូម៉ា ដែលជាជម្រករបស់ប្រជាជនប្រមាណ 1 លាននាក់។