រាជធានីភ្នំពេញ ៖
បុរសមានវិបត្តិម្នាក់ បានជិះម៉ូតូកង់៣ទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានខ្សែកាបឫស្សីកែវ តែសំណាងល្អ ត្រូវបានបងប្អូនអ្នកនេសាទត្រីនៅខាងក្រោមនោះ ជួយស្រង់ សង្គ្រោះទាន់ ។
ការធ្វើអត្តឃាតនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង៥០នាទីរសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ បុរសដែលគិតខ្លី ឈ្មោះ តូម៉ា អាយុ ៣១ឆ្នាំ ធ្វើការនៅកាស៊ីណូមួយកន្លែងនៅក្រុងកំពង់សោម និងមានស្រុកកំណើតរស់នៅភូមិអង្គរប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ ។ ទោះបីជាយ៉ាងណា គេពុំដឹងថាបុរសរូបនោះ មានវិបត្តិអ្វីឡើយ។
តាមសាក្សី បានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះ បានជិះម៉ូតូកង់បី មកឈប់នៅលើស្ពានខ្សែកាបឬស្សីកែវ នៅផ្នែកខាងកើត ។ តាមព័ត៌មានឲ្យដឹងទៀតថាខណៈនោះ គេឃើញបុរសរូបនោះ បានឈរ រេរានៅលើស្ពាន មួយសន្ទុះ រួចក៏តោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទន្លេសម្លាប់ខ្លួនតែម្ដង។ ភ្លាមៗ អ្នកនេសាទដែលនៅខាងក្រោមក៏បានចេញទូកទៅជួយស្រង់សង្គ្រោះរួចនាំចូលខាង។
ទាក់ទិននិងមូលហេតុបុរសរូបនោះ បានប្រាប់ឲ្យដឹងថាដោយសារធុញថប់និងជីវិតក៏បានជិះរថយន្តឈ្នួលពីក្រុងកំពង់សោមភ្នំពេញរួចជិះម៉ូតូកង់បីទៅលោតទឹកសម្លាប់ខ្លួនតែម្ដង ។ បន្ទាប់មក សមត្ថកិច្ចនគរបាលមូលដ្ឋានក៍នាំទៅសួរនាំនិងអប់រំរួច ក៏បានទាក់ទងទៅ ក្រុមគ្រួសារឲ្យមកទទួលទៅផ្ទះវិញ ៕