ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា អាជ្ញាធរប្រទេសកូរ៉េខាងត្បូង បានចាប់ខ្លួនលោកប្រធានាធិបតី យូន សុក យុល នៅថ្ងៃពុធ ទី15 ខែមករានេះ ជុំវិញការចោទប្រកាន់អំពីការបះបោរទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក កាលពីថ្ងៃទី 3 ខែធ្នូឆ្នាំមុន។ មុនពេលនៃការចាប់ខ្លួន កងកម្លាំងប៉ូលិសប្រមាណ 3000 នាក់ និងក្រុមអ្នកស៊ើបអង្កេតប្រឆាំងអំពើពុករលួយ បានប្រមូលផ្តុំគ្នានៅគេហដ្ឋានរបស់លោក យូន ខណៈដែលមេធាវីរបស់លោក យូន បានអះអាងថា ការប៉ុនប៉ងចាប់ខ្លួនលោក យូន គឺជាអំពើខុសច្បាប់ ហើយត្រូវបានរៀបចំឡើងដើម្បីបំបាក់មុខលោកជាសាធារណៈ។ គួរបញ្ជាក់ផងដែរថា ដីកាចាប់ខ្លួនរូបលោក យូន គឺជាលើកដំបូងមិនធ្លាប់មាន ដែលអនុវត្តប្រឆាំងនឹងប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងកាន់អំណាច។