ភ្នំពេញ ៖ 

ឆ្លងចរន្តអគ្គិសនីឆេះរោងបុណ្យសពលោកតាអាយុ៩២ឆ្នាំម្នាក់ ដែលកូនៗចៅៗនិងក្រុមគ្រួសារសាច់ញាតិ កំពុងតែរៀបចំធ្វើបុណ្យសព។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅចំនុចរោងបុណ្យសពមួយកន្លែង. នៅភូមិដំណាក់ធំ៤. សង្កាត់ស្ទឹងមានជ័យទី២  ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ ក្រុមគ្រួសារនៃសពលោកតាវ័យ៩២ឆ្នាំម្នាក់ បានរៀបចំធ្វើពិធីបុណ្យសពរយៈពេល២ថ្ងៃហើយ ហើយថ្ងៃស្អែក នឹងរៀបចំដង្ហែសពទៅបូជា។ ខណៈកំពុងតែរៀបចំបបរ ទទួលភ្ញៀវដែលបានមកចូលរួមបុណ្យសពខាងលើ ស្រាប់តែមានផ្សែងហុយចេញពីបន្ទប់ជួលដែលម្ចាស់បុណ្យសពបានប្រមូលសម្ភារៈទុកនៅខាងក្នុង បានឆេះរាលដល់ផ្ទះបុណ្យសព បង្កឲ្យមានការភិតភ័យដល់កូនៗនិងក្រុមគ្រួសារសព បាននាំគ្នាជួយសែងមឈូសលើកចេញមកខាងក្រៅ ហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានដ្ឋានភ្លាមៗ។

បន្ទាប់ពីសមត្ថកិច្ចនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ទទួលបានព័ត៌មានថា មានអគ្គិភ័យឆេះរោងបុណ្យនេះភ្លាម ក៏បានរាយការណ៍បន្តទៅកាន់ការិយាល័យបង្ការនិងពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍បាញ់ទឹកទប់ស្កាត់ការពារនៅទីតាំងកើតហេតុខាងលើ ដើម្បីកុំឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ ហើយអគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុងជាស្ថាពរនៅវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃខែនិងឆ្នាំដដែល ៕