ខេត្តត្បូងឃ្មុំ ៖ 

ករណីអំពើហិង្សាមួយ បានកើតឡើងរវាង ឳពុកធំ ស្រវឹងស្រា ទៅច្របាច់កខ្មួយប្រុស, ខ្មួយខឹង ក៏ទាញកាំបិតផ្គាក់ កាប់ឳពុកធំ ចំក្បាលរបួសធ្ងន់សម្រាកនៅមន្ទីរពេទ្យ ។ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះរបស់ឈ្មោះ តន់ គាន ភេទ ស្រី អាយុ ប្រហែល ៧០ ឆ្នាំ ស្ថិតនៅភូមិបុសចេក ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ១៧ និង ១៥ នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ។

លោក ឡាយ ឧត្តម ស្នងការរង ផែនអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងនាល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ថា ជនល្មើសឈ្មោះ សាត វ៉ាន់ណែត ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានយកកាំបិតផ្គាក់កាប់ទៅលើឈ្មោះ លី គ្រីម ភេទប្រុស អាយុ៥៣ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ត្រូវជាឳពុកធំ បណ្តាលឲ្យរងរបួសចំក្បាលជាទម្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ។

ក្រោយកើតហេតុ សមត្តកិច្ច បានបញ្ជូនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុក ពញាក្រែក ដើម្បីសាកសួរ និងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធី ៕