ខេត្តកំពង់ឆ្នាំង ៖

កូនលៀសល្អិតៗចំនួន១១១ការ៉ុង ទម្ងន់ប្រមាណជាង៨តោន ចំនូន២ទីតាំង ត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូរណ៍ ដឹកនាំដោយលោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ បានដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំឆ្នុកទ្រូ និងសង្កាត់ជលផល សហការជាមួយកម្លាំងខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ធ្វើការបង្ក្រាបបាន គ្រាដែលឈ្មួញ ច្រកបំរ៉ុងបម្រុងដឹកចេញ។

កិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅម៉ោង១២និង១០នាទីយប់ឈានចូលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅ២ទីតាំងផ្សេងគ្នា គឺចំណុចមាត់ទឹកកំពង់ឆ្នុកទ្រូ និងចំណុចកំពង់ទឹកសេះស្លាប់ ស្ថិតក្នុងភូមិឆ្នុកទ្រូ និងភូមិសេះស្លាប់ នៃឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ 

លោក លី ឡា នាយខ័ណ្ឌបរដ្ឋបាលជលផលកំពង់ឆ្នាំង បានឲ្យដឹងថាបច្ចុប្បន្ន លៀសតូចៗល្អិតៗដែលបានធ្វើការបង្រ្កាប ចំនួន១១១ការ៉ុង ទម្ងន់ប្រហែលជា៨តោន ត្រូវបានក្រុមការងារ និងមន្រ្តីជំនាញជលផល បានធ្វើការចាក់លែងចូលក្នុងទឹកទន្លេវិញ ។

នាយខ័ណ្ឌរដ្ឋបាលជលផល ក៏ដូចជាអាជ្ញាធរស្រុកបរិបូរណ៍ បានធ្វើការអប់រំណែនាំ និងពន្យល់ដល់បងប្អូនប្រជានេសាទ ដែលប្រកបមុខរបរ រកស៊ីលៀសក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ សូមបងប្អូនមេត្តា បញ្ឈប់ប្រើប្រាស់ ឧបករណ៍នេសាទ ដែលផ្ទុយនិងច្បាប់ បានហាមឃាត់ ដើម្បីថែរក្សាការពារ ធនធានសម្បត្តិធម្មជាតិយើងឱ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយៗផងដែរ៕