សង្វៀនថ្មី ដាស្ស អ្នកចម្បាំងគុនខ្មែរ នឹងមានវត្តមាននៅថ្ងៃអាទិត្យខាងមុខនេះ។ ក្នុងនោះ មានការប្រកួតម៉ារ៉ាតុនដណ្តើមប្រាក់លានលើប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម ខណៈសមាសភាពវិញមានដូចជា៖ កីឡាករ ឃាង សាវ៉េត មកពីក្លឹបមហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង, កីឡាករ ប៊ុត សំរេច មកពីក្លឹបវិបុលដារិទ្ធខណ្ឌពោធិ៍សែនជ័យ, កីឡាករ ម៉ាលី ខ្លាផា មកពីក្លឹប NPN ស សុម៉ាលីគុនខ្មែរ និងបេក្ខភាពចុងក្រោយគឺកីឡាករ សំណាង សារិទ្ធ មកពីក្លឹបជូនសំណាងគុនខ្មែរ។

ក្រៅពីគូម៉ារ៉ាតុនដណ្តើមប្រាក់លានខាងលើ នៅមានគូពិសេស ១គូទៀតរវាងកីឡាករ ពិល សៀងហេង មកពីក្លឹបមហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង ប្រកួតក្នុងទម្ងន់ ៦៣.៥គីឡូក្រាមជាមួយកីឡាករ លីន ជី មកពីក្លឹបបុរីរាជសីហ៍មានរិទ្ធ។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍លើសង្វៀន ដាស្ស អ្នកចម្បាំងគុនខ្មែរគឺមានការាប្រកួតមិត្តភាពអន្តរជាតិរហូតដល់ទៅ ៣គូឯណោះ ដោយកីឡាការិនី ទូច ចាន់វត្តី មកពីក្លឹបមហិទ្ធរិទ្ធមេសថ្ងកខេត្តស្វាយរៀង ប្រកួតក្នុងទម្ងន់ ៥៣គីឡូក្រាមជាមួយកីឡាការិនីថៃឈ្មោះ កាណុកវ៉ាន់។

រីឯលោកគ្រូ ភុំ សារ៉ាយ មកពីក្លឹប KKIF ប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាមជាមួយកីឡាករឡាវ អាណាន់តាសាក់ និងគូចុងុក្រោយជាជំនួបរវាងកីឡាករ រិន ដេវីត មកពីក្លឹបនាគរាជចតុមុខ ប្រកួតជាមួយកីឡាករ ទីតូ ហូវ៉ាន់ ប៉ូចាន់ណា មកពីប្រទេសថៃ។ គូនេះណាត់គ្នាប្រកួតក្នុងទម្ងន់ ៦០គីឡូក្រាម។

កុំភ្លេចណា ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស ហើយបងប្អូនក៏អាចអញ្ជើញចូលទស្សនាបានដោយសេរី!