ក្រុងបាត់ដំបង ៖ 

បុរស០៣នាក់ បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍ម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹងនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី១៣ ខែមករា ២០២៥ នៅតាមបណ្តោយផ្លូវឆ្ពោះទៅប្រាសាទឯកភ្នំ ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរ បានកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1U-7165 បើកបរដោយឈ្មោះ វៃ សុង ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ភ្លាមនោះក៏មានម៉ូតូម៉ាកឃ្លិក ស៊េរីឆ្នាំ ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AV-7972 បើកបរដោយឈ្មោះ សាន ណៃស៊ីន ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្សមានទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងអ្នករួមដំណើរម្នាក់ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ក៏បានជ្រុលចង្កូតទៅបុកគ្នាពេញទំហឹងបណ្តាលអោយរបួសធ្ងន់០២នាក់និងស្រាល០១នាក់ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានយកទៅសង្គ្រោះនៅមន្ទីរពេទ្យនគរបាលខេត្ត ដោយឡែកម៉ូតូទាំង០២ គ្រឿងត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តវាស់វែងយកទៅរក្សាទុកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕