ខេត្តកំពង់ស្ពឺ ៖
បុរសម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន ខណៈដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនបាន ស្ទុះទៅទាញកាំបិតផ្គាក់កាប់ ប្អូនប្រុស បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយថែមទាំងចាប់ម្តាយបោកផ្ទប់ទៅនិងដី បង្កឱ្យ មានការភ្ញាក់ផ្អើល ហើយសមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់ជាបង តែម្តង ។ ការឃាត់ខ្លួនជនដៃដល់ជាបង វាយម្តាយនិងកាប់ប្អូនរបួសនោះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកភ្នំស្រួច បាននិយាយឱ្យដឹងថាយោងតាមពាក្យបណ្តឹងពីឈ្មោះ វណ្ណ រ៉ាន់ ភេទស្រី អាយុ៥៧ឆ្នាំ(ត្រូវជាម្តាយ) ដែលរស់នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្ដឹងរៀបរាប់ថា÷ឈ្មោះ ម៉ាត់ មីត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូនរបស់គាត់ (ប្តីមុន) បានរករឿងរូបគាត់ ត្រូវជាម្តាយ រឿងចែកដីឲ្យប្អូនៗ ក៏បង្កឱ្យមានការឈ្លោះពាក្យសម្ដីគ្នាទៅវិញទៅមក ហើយ ជនសង្ស័យខាងលើ បានប្រើហិង្សាវាយរូបគាត់ជាម្តាយ ។ ភ្លាមនោះ គាត់ បានស្រែកហៅកូនពៅរបស់គាត់ (ប្តីក្រោយ) ឈ្មោះ ឆិល ឆុង ភេទប្រុស អាយុ២២ឆ្នាំ មកជួយ តែក៏ត្រូវបានជនសង្ស័យស្ទុះទាញកាំបិតផ្គាក់ ទៅកាប់ត្រូវចំក្បាល បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត និងបានចាប់ម្ដាយ បោកទៅនិងដី បណ្តាលឱ្យ រងរបួសថែមទៀតផង ។
ករណីខាងលើ សមត្ថកិច្ចនគរបាល បានហៅជនសង្ស័យខាងលើ មកធ្វើការសាកសួរហើយ ជនសង្ស័យដៃដល់ បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្ត ដូចតាមការរៀបរាប់ខាងលើពិតប្រាកដមែន។ បច្ចុប្បន្ន ករណីខាងលើនេះ ជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្សយ័ខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕