ខេត្តស្វាយរៀង ៖

បុរសម្នាក់ បានស្លាប់នៅពាក់កណ្តាលផ្លូវ ខណៈដែលក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ក្រោយពីត្រូវគេ២កាំបិត ធ្លាយពោះនិងចំធ្អឹងជំនី ។ ករណីចាក់សម្លាប់ខាងលើ បានកើតឡើងនៅថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង១៨.៣០នាទីនៅចំណុចភូមិ ពពារ ឃុំ ស្វាយធំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។

តាមលោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថាករណីឃាតកម្មនេះ បង្កឡើងដោយជនសង្ស័យឈ្មោះរ័ត្ន ណាគ្រី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិពពារ ឃុំស្វាយធំ ស្រុកស្វាយជ្រំ បានផឹកស្រាស្រវឹង កាន់កាំបិតស្នៀត និងដាវដើរទៅចាក់ជនរងគ្រោះឈ្មោះ រស់ សាវី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករនៅភូមិឃុំជាមួយគ្នា ត្រូវចំនួន២កាំបិត មួយកាំបិតត្រូវចំពោះនិងមួយកាំបិតទៀត ត្រូវចំឆ្អឹងជំនីរខាងឆ្វេង 

បណ្តាលឲ្យរងរបួសធ្ងន់ បន្ទាប់មក បងប្អូន បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែពេលដល់កណ្តាលផ្លូវ ជនរងគ្រោះបានស្លាប់។ 

ក្រោយពីទទួលព័ត៌មានបានភ្លាម លោក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ និងកម្លាំងកងរាជអាវុធហត្ថស្រុកស្វាយជ្រំ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវទើបដឹងថាជនសង្ស័យពេលប្រព្រឹត្តបទល្មើសរួចហើយ  បានរត់គេចខ្លួនចូលទៅលាក់ខ្លួននៅក្នុងផ្ទះបងប្អូន ។ បន្ទាប់មក សមត្ថកិច្ច បានធ្វើការព័ទ្ធចាប់ ប៉ុន្តែពេលនោះជនសង្ស័យ បានកាន់វត្ថុតាងកាំបិត ដាវនិងពូថៅ តបត រហូតដល់ម៉ោង២៣និង០០នាទី ទើបសមត្ថកិច្ច ចូលអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបាន។ 

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស្នងការ និងបានសុំយោបល់ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕