ការប្រកួតកីឡាប្រដាល់គុនខ្មែរប៉ុស្តិ៍លេខ៥ នៅសង្វៀនប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស បន្តប្រកួតយ៉ាងជក់ចិត្តកាលពីចុងសប្តាហ៍កន្លងទៅ ដោយមាន ៥គូដូចសព្វមួយដង។ សម្រាប់គូទី១ ប្រភេទទម្ងន់ស្រាល ៥១គីឡូក្រាម បង្គោលក្រហមកីឡាករ សុភាព ណាវីន បានវាយសន្ធប់ទៅលើបង្គោលខៀវកីឡាករ សំអាត សិលា ហើយឈានទៅដល់អុក ២ជង្គង់ចំពេញកណ្តៀតក្អមធ្វើឲ្យបង្គោលខៀវដួលក្រោកលែងរួច ក្រោយអាជ្ញាកណ្តាលរាប់គ្រាប់ ១០ ក៏ប្រគល់ជ័យជម្នះទៅឲ្យបង្គោលក្រហម។ រីឯគូទី២ ប្រភេទទម្ងន់ ៦៣.៥គីឡូក្រាម បង្គោលក្រហមកីឡាករ ម៉ាលី ខ្លាផា បានយកឈ្នះបង្គោលខៀវកីឡាករ រិទ្ធី បូនិត ដោយពិន្ទុ ក្រោយតស៊ូយ៉ាងស្វិតស្វាញពេញ ៣ទឹក។ ចំណែកឯគូទី៣ ប្រភេទទម្ងន់ ៥៤គីឡូក្រាម បង្គោលក្រហមកីឡាករ ដែន ភក្កី បានយកឈ្នះពិន្ទុបង្គោលខៀវកីឡាករ សុភាព ចេស្តា បន្ទាប់ពីប្តូរគ្នាទៅវិញទៅមកយ៉ាងជក់ចិត្តអស់ពេញ ៣ទឹក។

លុះចូលដល់គូទី៤ ជាគូមិត្តភាពអន្តរជាតិកម្ពុជា-វៀតណាម ធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម។ បង្គោលក្រហមកីឡាករ សុភាព សុភ័ក្ក្រ បានប្រើរន្ទៈជើងទាត់ធ្ងន់ៗទៅលើបង្គោលខៀវកីឡាករ វ៉ូ ញួនហ្វុង រហូតដល់ឈឺដៃមិនអាចបន្តការប្រកួតបាន ក៏សុំបោះបង់នៅត្រឹមទឹកទី២។  និងគូទី៥ ជាគូចុងក្រោយប្រចាំកម្មវិធី ធ្វើឡើងក្នុងទម្ងន់ ៥៧គីឡូក្រាម រវាងកីឡាករគុនខ្មែរ សុភាព រមលី ប៉ះជាមួយកីឡាករវៀតណាម ឡេ ហ្វុកហាវ។ សុភាព រមលី ព្យាយាមវាយសន្ធប់ទៅលើ ឡេ ហ្វុកហាវ តាំងពីទឹកទី១ និងវាយចូលចំកន្លែងសំខាន់ៗជាច្រើន ប៉ុន្តែកីឡាករវៀតណាមខំប្រឹងតស៊ូរហូតដល់ចប់ ៣ទឹក ខណៈជ័យជម្នះបានទៅលើកីឡាករ សុភា រមលី។ 

សូមបញ្ជាក់ថា កម្មវិធីគុនខ្មែរប៉ុស្តិ៍លេខ៥ ប្រកួតជូនបងប្អូនទស្សនាជារៀងរាល់ថ្ងៃសៅរិ៍ ចាប់ពីវេលាម៉ោង ៦ល្ងាចតទៅ នៅស្ទូឌីយ៉ូប្រដាល់ប៉ុស្តិ៍លេខ៥ ព្រែកកំពឹស និងបើកឲ្យបងប្អូនចូលរួមទស្សនាបានដោយសេរី! 

កម្មវិធីអាចដំណើរការទៅបានដោយទទួលបានការឧបត្ថមពីក្រុមហ៊ុនទឹកបរិសុទ្ធ Lyyon និងទឹកកកអនាម័យ EVA Premium Ice ៕