សហរដ្ឋអាមេរិកបានព្រមានកាលពីថ្ងៃពុធ ទី8 ខែមករាថា ប្រទេសកូរ៉េខាងជើង កំពុង "ទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំង" ពីកងទ័ពរបស់ខ្លួនដែលកំពុងពួតដៃ ជាមួយកងទ័ពរុស្ស៊ី ប្រយុទ្ធនឹងកងកម្លាំងអ៊ុយក្រែន ដោយទទួលបានបទពិសោធន៍ដែលធ្វើឲ្យទីក្រុងព្យុងយ៉ាង "មានសមត្ថភាពធ្វើសង្គ្រាមជាមួយប្រទេសជិតខាង" បាន។ ប្រទេសរុស្ស៊ី បានបង្កើតទំនាក់ទំនងការទូត និងយោធាកាន់តែជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងជើង ចាប់តាំងពីទីក្រុងម៉ូស្គូ ផ្តើមការឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022 ខណៈដែលកងទ័ពកូរ៉េខាងជើងប្រមាណ 12.000 នាក់ កំពុងស្ថិតនៅក្នុងប្រទេសរុស្ស៊ី និងចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ ឃឺក របស់ប្រទេសរុស្ស៊ី ។