ខេត្តកណ្តាល ៖
ជនសង្ស័យជួញដូរគ្រឿងញៀន១ក្រុមកាក់កបខ្លាំងណាស់ ដោយនៅក្នុង១ថ្ងៃៗលក់អស់ចំនួន៥០កញ្ចប់និងលក់យូរមកហើយ ពេលនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនបានចំនួន៧នាក់ ក្នុងចំណោមនោះ ក៏មានអ្នកប្រើប្រាស់ផងដែរ ។ ការឃាត់ខ្លួននោះ បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ក្នុងប្រតិបត្តិការឃាត់ខ្លួននេះ កម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ដកហូតបានថ្នាំញៀនចំនួន១៥កញ្ចប់ ដែលសេសសល់ពីការលក់, ម៉ូតូចំនួន៤គ្រឿង ,ទូរស័ព្ទចំនួន៤គ្រឿង ,ចម្ពាមកៅស៊ូចំនួន៤ ,កន្រ្តៃ ,ញញួរ ,ដែកកេះ និងសម្ភារៈមួយចំនួនទៀត ។
នៅចំពោះមុខមន្រ្តីកងរាជអាវុធហត្ថស្រុកអង្គស្នួល ជនសង្ស័យឈ្មោះ សេង វាសនា បានឆ្លើយសារភាពថា ថ្នាំញៀនទាំង១៥កញ្ចប់ ដែលកងរាជអាវុធហត្ថដកហូតនោះ គឺជារបស់ខ្លួន ដែលបានឲ្យឈ្មោះ ផល ចាន់ណា ជាអ្នកកាន់កាប់លក់ចែកចាយឲ្យ ជារៀងរាល់ថ្ងៃ រយៈពេល១ខែមកហើយ ដោយក្នុង១ថ្ងៃៗលក់ដាច់អស់ចំនួន៥០កញ្ចប់ ហើយក្នុង១កញ្ចប់ តម្លៃ២ម៉ឺនរៀល ។
ដោយឡែក នៅវេលាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ ខ្លួនបានឲ្យថ្នាំញៀន ទៅឈ្មោះ ផល ចាន់ណា ចំនួន២៨កញ្ចប់ ហើយ លក់អស់គ្មានសល់ ។ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលនោះ ខ្លួនបានឲ្យថ្នាំញៀនទៅឈ្មោះ ផល ចាន់ណា ដដែលចំនួន២២កញ្ចប់បន្ថែមទៀត ប៉ុន្តែទើបតែលក់អស់ចំនួន០៧កញ្ចប់ប៉ុណ្ណោះនៅសល់ចំនួន១៥កញ្ចប់ទៀត កំពុងលក់បន្ត ក៏ស្រាប់តែកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួលទៅដល់ឃាត់ខ្លួនតែម្ដង ៕