ក្រុមភ្នំពេញក្រោន ហាក់បីដូចជាដាក់គោលដៅខ្ពស់ក្នុងការប្រជែងយកឲ្យបានជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា បន្ទាប់ពីក្រុមនេះ បានរបូតឱកាស កាលពីរដូវកាល២០២៣-២០២៤។ ដោយឡែក ក្នុងរដូវកាលនេះ ព្រះខ័នរាជស្វាយរៀង ក្រុមការពារតំណែងជើងឯក មាន ៤០ពិន្ទុ ប្រកៀកប្រកិតជាមួយភ្នំពេញក្រោន ដែលមាន៤៤ពិន្ទុ។ ភ្នំពេញក្រោន មិនប្រហែសឲ្យរបូតពានដូចរដូវកាលមុនឡើយ
អត្ថប្រយោជន៍នៃការឈ្នះជើងឯកលីគកំពូលកម្ពុជា មិនមែនមានត្រឹមតែប្រាក់រង្វាន់ទេ ប៉ុន្ដែគឺជាឱកាសសម្រាប់ប្រកួតប្រជែងក្នុងពានរង្វាន់ថ្នាក់តំបន់ជាមួយនឹងក្លិបនៅអាស៊ាន និងក្លិបនៅអាស៊ី ដូចជាពានរង្វាន់ Shopee Cup និងពានរង្វាន់ AFC Challenge Cup។
គិតត្រឹមសប្ដាហ៍ទី១៨ ភ្នំពេញក្រោន មិនទាន់ចាញ់នៅឡើយទេ ដោយគ្រាន់តែស្មើ ២ ប្រកួតប៉ុណ្ណោះ។ ចុងសប្ដាហ៍កន្លងទៅ ពោលកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋានឡាយហ្វ៍ ក្នុងទឹកដីនៃខេត្តព្រះសីហនុ ភ្នំពេញក្រោន បានយកឈ្នះ លើម្ចាស់ផ្ទះ ឡាយហ្វ៍ លទ្ធផល ៥ទលនិង០។
ដោយឡែក គិរីវង់សុខសែនជ័យ មិនទាន់ឈ្នះសោះ ចំពោះ ១៧ប្រកួតកន្លងមកនេះ ដោយគ្រាន់តែធ្លាប់ស្មើជាមួយក្រុមសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ ទាំង២ជើងប៉ុណ្ណោះ។ បើធៀបទៅរដូវកាលមុន ក្រុមដែលមានទីតាំងនៅខេត្តតាកែវនេះ មានកម្រិត និងទម្រង់នៃការលេងល្អ ប៉ុន្ដែគ្រប់ក្លិបទាំងអស់ ក៏កើនឡើងដូចគ្នា។
យ៉ាងណាមិញលោក សាប៊ូន វិនតា គ្រូបង្វឹកគិរីវង់សុខសែនជ័យ ធ្លាប់ប្រាប់ក្រុមអ្នកសារព័ត៌មាន នក្នុងសន្និសិទមុនការប្រកួតថា ទម្រង់លេង និងរបៀបដែលក្រុមលេង គឺការជំរុញឲ្យកីឡាករ លេងដោយយល់ចិត្តគ្នា និងមានស្មារតីលេងជាក្រុម។ការប្រកួតនាសប្ដាហ៍ទី១៧ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ក្រុមគិរីវង់សុខសែនជ័យបាន ចាញ់ ក្រុមភ្ញៀវ អាយ អេស អាយដង្កោសែនជ័យ ក្នុងទឹកដីខ្លួនលទ្ធផល២ទល់និង១។
ក្នុងសប្ដាហ៍ដដែលនេះ វិសាខា ឈ្នះ ក្រុមទ័ព្ធ លទ្ធផល ២ ទល់០ នៅកីឡដ្ឋានព្រីនស៍ ខណៈក្រុមប៉ូលិស ចាញ់ ក្រុមបឹងកេត លទ្ធផល៦ទល់១ នៅកីឡដ្ឋាន AIA KHM Park។ រីឯ ក្រុមឡើងជើងអង្គរថាយហ្គឺរ បានត្រឹមស្មើជាមួយ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន Akihiro Kato លទ្ធផល ១ទល់១។ គួរបញ្ជាក់ផងដែរថា គិតត្រឹមសប្ដាហ៍ទី១៨ ភ្នំពេញក្រោន ឈរនៅចំណាត់ថ្នាក់លេខ១ មាន៤៤ពិន្ទុ តាមពីក្រោយដោយព្រះខ័នរាជស្វាយរៀង ចំណាត់ថ្នាក់លេខ២ មាន៤០ពិន្ទុ។