យោងតាមអ្នកនាំពាក្យក្រសួងការបរទេសប្រទេសកាតាបានបញ្ជាក់កាលពីថ្ងៃអង្គារ ទី14 ខែមករាថា កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាដែលកំពុងធ្វើឡើងនៅក្នុងរដ្ឋធានីដូហារបស់ប្រទេសកាតា បានឈានចូលដល់ "ដំណាក់កាលចុងក្រោយ" ហើយ ខណៈដែលការពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀង កំពុងធ្វើឡើង។លោក អាល់ អាន់សារី អ្នកនាំពាក្យក្រសួងការបរទេសប្រទេសកាតា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងក្រុមអ្នកសម្រុះសម្រួល កំពុងបិទបញ្ចប់ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយកិច្ចព្រមព្រៀងមួយនឹងត្រូវបានសម្រេច "ក្នុងពេលឆាប់ៗនេះ" ។ លោក អាន់សារី បានបន្តថា ប្រទេសកាតា បានបញ្ជូនសេចក្តីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងឈប់បាញ់ទៅឲ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងបាននិយាយថា លោកសង្ឃឹមថា ភាគីទាំងពីរនឹងចូលរួមក្នុងការចរចាដោយការទទួលខុសត្រូវ នឹងភាពម៉ឺងម៉ាត់ ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់ជម្លោះ និងបន្ធូរបន្ថយភាពតានតឹង ទុក្ខលំបាករបស់ប្រជាជននៅតំបន់ហ្គាហ្សា។