សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានដាក់ផែនការបណ្ដុះធនធានកីឡាករ-កីឡាការិនី ដោយត្រូវរៀបចំឲ្យមានការហ្វឹកហាត់នៅក្នុងស្រុក និងនៅក្រៅប្រទេស។ ជាមួយផែនការបណ្ដុះធនធាននេះ សហព័ន្ធ ក៏នឹងបញ្ជូនចៅក្រម ២រូបទៅប្រឡងឡើងវិញ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិនានា នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន។
ឯកឧត្តម អគ្គលេខាធិការ បានបន្ថែមទៀតថា ក្រៅពីផែនការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស សហព័ន្ធ ក៏មានផែនការនាំអត្ដពលិកកាយសម្ព័ន្ធកម្ពុជា ទៅប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិ ដើម្បីតេស្ដសមត្ថភាព និងរក្សាគុណផលកីឡារបស់អ្នកទាំងនោះ មិនឲ្យធ្លាក់ចុះ។ ឯកឧត្តម ណយ ផាណា សង្កត់ធ្ងន់ថា ផែនការទាំងនេះ គឺត្រៀមសម្រាប់ដណ្ដើមមេដាយស៊ីហ្គេម លើកទី៣៣ នៅចុងឆ្នាំ២០២៥។
អគ្គលេខាធិការសហព័ន្ធដដែលបបានរៀបរាប់ថា៖សម្រាប់ឆ្នាំ២០២៥ សហព័ន្ធបានរៀបចំផែនការលម្អិត ។ដោយបានរៀបចំផែនការបណ្ដុះធនធានមនុស្សទាំងក្នុង និងក្រៅប្រទេស។ យើង បានរៀបចំការបង្វឹកអត្ដពលិកទាំងក្នុង និងក្រៅប្រទេស ដើម្បីស្នើសុំដៃគូ សហការបញ្ជូនកីឡាករ-កីឡាការិនី ទៅហ្វឹកហាត់នៅក្រៅប្រទេស។ ហើយនៅអំឡុងខែមីនា ឬខែមេសា ខាងមុខនេះ សហព័ន្ធនឹងបញ្ជូនចៅក្រម ២រូប ទៅប្រឡងឡើងវិញ និងត្រៀមខ្លួនប្រកួតជើងឯកអាស៊ី និងស៊ីហ្គេម លើកទី៣៣ នៅទីក្រុងបាងកក ប្រទេសថៃ។ ហើយយើងក៏ចង់ក្ដោបកីឡាករ-កីឡាការិនីយើង ឲ្យពួកគាត់រក្សានូវគុណផលរបស់គាត់បាន។
ក្នុងការរក្សាទិន្នផលកីឡា សម្រាប់អត្ដពលិកកម្ពុជា ឯកឧត្តម ណយ ផាណា បន្ដថាសហព័ន្ធ បានរៀបចំការប្រកួតពានរង្វាន់ថ្នាក់ជាតិ និងចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយចំនួន ដើម្បីតេស្ដសមត្ថភាព និងរក្សាធនធាន ដែលមានសមត្ថភាព ឲ្យគុណផលកីឡារបស់ពួកគេ មានការកើនឡើង។
សហព័ន្ធ បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤, រៀបចំឲ្យមានការប្រកួតពានរង្វាន់ ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៨ ហើយការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ ជាដើម។