ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ ទី21 ខែមករាថា លោក អាចនឹងដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប្រសិនបើប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បដិសេធមិនចរចាអំពីការបញ្ចប់សង្រ្គាមនៅប្រទេសអ៊ុយក្រែន។ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតអំពីការដាក់ទណ្ឌកម្មបន្ថែមដែលអាចកើតមាននោះទេ ខណៈដែលកន្លងមកសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីយ៉ាងខ្លាំងរួចទៅហើយ។ លោក ត្រាំ ក៏បាននិយាយដែរថា រដ្ឋបាលរបស់លោក ក៏កំពុងសម្រេចចិត្តលើបញ្ហានៃការបញ្ជូនអាវុធបន្ថែមទៅឲ្យប្រទេសអ៊ុយក្រែន ព្រមទាំងបានជំរុញឲ្យសហភាពអឺរ៉ុប បន្ថែមការគាំទ្រដល់ប្រទេសអ៊ុយក្រែន។