សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានប្រកាសជូនដំណឹងដល់ប្រធានក្លឹប សមាគម រាជធានី-ខេត្ត ក្រុង កីឡាករ កីឡាការិនីថា សហព័ន្ធគ្រោងនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា ជិះកង់ផ្តល់នូវសេចក្តីស្រឡាញ់ដល់កុមារកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយជិះចេញដំណើរពីភ្នំពេញ ឆ្ពោះទៅអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា នៅខេត្តបាត់ដំបង លើចម្ងាយផ្លូវ២៩២គីឡូម៉ែត្រ។
លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា និងបំផុសចលនាកីឡា ដល់ក្រុមកីឡាករ-កីឡាការិនី ជិះកង់ទៅកាន់ខេត្តបាត់ដំបង។
ចំពោះការទទួលពាក្យចាប់ទទួលរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយកីឡាករ ឬកីឡាការិនីម្នាក់ត្រូវបង់សិទ្ធិជិះកង់ក្នុងម្នាក់ៗ ២៥ដុល្លារអាមេរិក ដោយថវិកានេះ សល់ពីការចំណាយនឹងនាំយកទៅប្រគល់ជូនដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា។
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយានកម្ពុជា លោក នូ ចំរើន ក៏បានរំពឹងទុកថា ការជិះកង់ពីភ្នំពេញទៅបាត់ដំបង លើចម្ងាយ ២៩២គីឡូម៉ែត្រនេះនឹងអាចទទួលបានកីឡាករ កីឡាការិនីចន្លោះ២៥០ទៅ៣០០នាក់។
សម្រាបសប្បុរសជន ឬបណ្តាក្រុមហ៊ុន ដែលមិនមានបំណងជិះកង់ ក៏អាចឧបត្ថម្ភគាំទ្រជាសម្ភារ ឬថវិកា ក្នុងព្រឹត្តិការណ៍កីឡាដើម្បីមនុស្សធម៌នេះបានដូចគ្នា៕