សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ និងលើកទិសដៅសម្រាប់ទី៨ ឆ្នាំ២០២៥-២០២៩ នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធអាណត្តិទី៧ និងសមាជិកគណៈកម្មការប្រតិបត្តិអាណត្តិចាស់ ព្រមទាំងអគ្គនាយក និងតំណាងស្ថានីយទូរទស្សន៍ដែលជាដៃគូអភិវឌ្ឍន៍មិនអាចខ្វះបានរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ឯកឧត្តម ខូវ ឆាយ បានផ្តល់មតិសំណេះសំណាល និងចែករំលែកនូវបទពិសោធន៍ការងារក្នុងអាណត្តិចាស់ ខណៈលោក ហេង សុឃន អគ្គលេខាធិការអាណត្តិចាស់ក៏បានឲ្យដឹងតាមរយៈរបាយការណ៍បច្ចកទេសពីសកម្មភាពនានាដែលសហព័ន្ធបានធ្វើនៅក្នុងអាណត្តិចាស់ ពិសេសសម្មិទ្ធផលដែលកីឡាករកីឡាការិនីគុនខ្មែរសម្រេចបាននៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។

ក្រោយជម្រាបជូនពីវឌ្ឍនភាពនៅក្នុងអាណត្តិចាស់រួច គណៈកម្មការប្រតិបត្តិដែលមានសមាជិកចំនួន ៣៣នាក់បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មី និងបង្កើតគណៈកម្មការប្រតិបត្តិថ្មីផងដែរ។ជាលទ្ធផល ៣២សំឡេងបានគាំទ្រឯកឧត្តម ខូវ ឆាយ ឲ្យបន្តធ្វើជាប្រធានសម្រាប់អាណត្តិទី៨ លើកលែងតែ ១សំឡេងប៉ុណ្ណោះដែលមិនយល់ស្រប។បែបនេះបញ្ជាក់ថា ឯកឧត្តម ខូវ ឆាយ មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលតំណែងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអាណត្តិទី៨ ពីឆ្នាំ២០២៥ ដល់ ២០២៩ ។

ចំណែកឯតួនាទីអគ្គលេខាធិការវិញ ត្រូវបានរក្សាទុកមួយរយៈសិន រង់ចាំស្វែងរកបុគ្គលម្នាក់ដែលមកពីខាងក្រៅ ពោលអ្នកកាន់តំណែងជាអគ្គលេខាធិការសម្រាប់អាណត្តិទី៨ នេះ គឺមិនអនុញ្ញាតឲ្យមានក្លឹបប្រដាល់ ឬមានកីឡាករកាន់ផ្ទាល់ខ្លួនឡើយ។

 ក្រោយជាប់ជាប្រធានអាណត្តិថ្មី ឯកឧត្តម ខូវ ឆាយ បានថ្លែងអំណរគុណដល់គណៈកម្មការប្រតិបត្តិដែលផ្តល់សេចក្តីទុកចិត្តមកលើឯកឧត្តម ហើយលោកប្តេជ្ញាថានឹងដឹកនាំវិស័យគុនខ្មែរឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់ ពិសេសការនាំគុនខ្មែរឲ្យឈានដល់កម្រិតពិភពលោក៕