រាជធានីភ្នំពេញ ៖ 

រថយន្តគណៈបញ្ជាការឯកភាពខណ្ឌកំបូលដែលត្រូវបានគេឃាតទុកអស់រយៈពេល១១ថ្ងៃ បន្ទាប់ពីអាជ្ញាធរចុះទៅដកហូតគ្រឿងសំណង់នៅការដ្ឋានសាងសង់ឃ្លាំង អត់ច្បាប់មួយ ត្រូវបានអាជ្ញាធរចុះទៅយកមកវិញហើយ កាលពីព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការសុំទោសជាសាធារណៈពីសំណាក់ម្ចាស់ការដ្ឋាន។

ការដ្ឋានដែលឃាត់រថយន្តអាជ្ញាធរនោះគឺស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល  ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលមានម្ចាស់ឈ្មោះ ឈួន គីមស្រៀង ភេទស្រីអាយុ៤០ឆ្នាំមានលំនៅនៅភូមិតាផេនសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមអាជ្ញាធរខណ្ឌពោធិសែនជ័យ បានឲ្យដឹងថាអាជ្ញាធរខណ្ឌ បានធ្វើការសម្របសម្រួល បន្ទាប់ពីម្ចាស់ការដ្ឋានបានធ្វើលិខិតសុំទោសជាសាធារណៈដោយទទួលកំហុសដោយខ្លួនយល់ច្រឡំថា ពាក្យស្នើសុំអនុញ្ញាតសាងសង់គឺជាច្បាប់ហើយថែមទាំងមានការរារាំងអាជ្ញាធរ ដោយឃាត់រថយន្តទុក បន្ទាប់ពីអាជ្ញាធរ បានចុះទៅដកហូត

សម្ភារៈសំណង់ដែលសាងសង់អត់ច្បាប់។ 

នៅចំពោះមុខអាជ្ញាធរ ស្ត្រីឈ្មោះឈួន គឹមស្រៀង បានឱ្យដឹងថានៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ពេលដែលអាជ្ញាធរខណ្ឌកំបូល បានចុះដកហូតគ្រឿងសំណង់ គាត់មានការយល់ច្រឡំថា សំណង់របស់គាត់មានច្បាប់អនុញ្ញាតសាងសង់ចេញពីក្រសួងដែនដី នគររូបនីយកម្មនិងសំណង់ ហើយ ធ្វើការតវ៉ា និងបានប្រើពាក្យមិនសមរម្យមកលើអាជ្ញាធរថែមទាំងឃាត់រថយន្តគណៈបញ្ជាការឯកភាពខណ្ឌទុក។ 

លោកស្រីម្ចាស់ការដ្ឋាន ក៏បានសុំទោសលោកអភិបាល លោកអភិបាលរង ខណ្ឌកំបូល និងអាជ្ញាធរមូលដ្ឋានក្នុងខណ្ឌកំបូលជាសាធារណៈចំពោះកំហុសឆ្គងដោយអចេតនារបស់នាងខ្ញុំនិងសង្ឃឹមថា លោកអភិបាលខណ្ឌមិនប្រកាន់ចំពោះកំហុសឆ្លងដែលគាត់ពុំបានយល់ដឹងពីច្បាប់ និងសុំសាធារណៈជន កុំមានការយល់ច្រឡំចំពោះការបំពេញតួនាទីនិងភារកិច្ចរបស់អាជ្ញាធរខណ្ឌកំបូល ឡើយ៕ '