នៅក្នុងឱកាសបិទការប្រកួតដោយជោគជ័យ ព្រឹត្តិការណ៍កីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ កាលពីចុងសប្ភាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ឯកឧត្តមបណ្ឌិត មាស សារិន មានប្រសាសន៍ថា បច្ចុប្បន្ន ប្រភេទកីឡាសីដក់ និងឈិនឡូននៅកម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានការគាំទ្រជាបណ្តើរៗពីថ្នាក់ដឹកនាំ និងមហាជនទូទៅផងដែរ។ ទន្ទឹមគ្នានេះ សមត្ថភាពរបស់កីឡាករ កីឡាការិនី ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាពិសេសមានការចូលរួមពីកីឡាករ កីឡាការិនីជាយុវជន ដែលជាថ្នាល និងជាកម្លាំងចលករ ជាយុទ្ធសាស្ត្រទៅអនាគត ដែលជាតម្រូវការរបស់សហព័ន្ធ។
ដើម្បីឱ្យប្រភេទកីឡាសីដក់ និងឈិនឡូនកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាពបច្ចេកទេសខ្ពស់អាចចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ និងជាពិសេសត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ឱ្យទទួលបានលទ្ធផលល្អ ឯកឧត្តមបណ្ឌិត មាស សារិន បានផ្តល់អនុសាសន៍៧ចំណុចសំខាន់ៗរួមមាន៖
១-ត្រូវខិតខំយកចិត្តទុកដាក់ ក្នុងការបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ កីឡាការិនីវ័យក្មេង ។២-ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ៣-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគម-ក្លឹបកីឡាសីដក់ និងឈិនឡូនទូទាំងប្រទេស ដោយផ្តោតសំខាន់លើការបំពេញភារកិច្ចរបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
៤-ត្រូវពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសអាជ្ញាកណ្តាល និងចៅក្រមឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ប្រកួតបានគ្រប់កម្រិត។ ៥- ត្រូវខិតខំស្វែងរកដៃគូរសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន តាមដែលអាចធ្វើបាន។
៦-ត្រូវជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធឱ្យបានទូលំទូលាយដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាក់ស្តែងជោគជ័យ ព្រឹត្តិការណ៍កីឡាសីដក់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះក៏ការសហកាឧប្បត្ថម្ភពីសំណាក់ ស្ងានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងទឹកបរិសុទ្ធ លីយ៉ងផងដែ។ ៧-បំផុសចលនាឱ្យមហាជនយល់ពីនិយមន័យ “កីឡារស់ក្នុងសន្តិភាព” និងចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព និងជៀសឆ្ងាយពីគ្រឿងញៀន។
ជាមួយគ្នានេះ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាសីដក់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប ចំនួន ៨០នាក់ (កីឡាការិនី ១៨នាក់) មកពី៥ក្លឹបក្រសួងស្ថាប័ន ដោយសហព័ន្ធបានដាក់៣វិញ្ញាសាឱ្យប្រកួតប្រជែងមេដាយ រយៈពេល៣ថ្ងៃពីថ្ងៃទី១៨-២០ ខែមករា ឆ្នាំ២០២៥។ ជាលទ្ធផលបច្ចេកទេស រួមមាន៖ ក្រសួងការពារជាតិ ឈរនៅលេខ១ មេដាយមាស១ ប្រាក់២, លេខ២ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ទទួលបានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ១, លេខ៣ សមាគមសីដក់ និងឈិនឡូនក្រសួងមហាផ្ទៃ មេដាយមាស១ និងមេដាយសំរឹទ្ធ២៕