ជាការពិតណាស់ យុវតី ល្អហួស គឺជាយុវតីខ្មែរមួយរូប ដែលមហាជនមានការស្ងើចសរសើរ នូវសមត្ថភាព និងទេពកោសល្យដែលមានតាំងពីកំណើតរបស់ក្មេងស្រីរូបនេះជាខ្លាំង មិនតែប៉ុណ្ណោះ ថែមទាំងជាក្មេងស្រី ដែលដើរតាមគន្លងធម៌ផងដែរ។
យ៉ាងណាមិញ បើក្រឡេកទៅមើលកាលពីរសៀល ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ យុវតីដែលមានសមត្ថភាពដ៏អស្ចារ្យរូបនេះ បានបញ្ចេញនូវវីដេអូឯកសារ “របាំអប្សរា” នៅក្នុងប្រាសាទអង្គរវត្ត ដែលជាការតាំងចិត្តផលិតឡើងមករបស់ក្មេងស្រីរូបនេះ។ ក្នុងនោះ ប្អូនស្រី ជូរី ល្អហួស បានរៀបរាប់ឱ្យដឹងថា៖ “របាំអប្សរា ការតស៊ូ ប្រឹងប្រែង មិនបោះបង់ក្នុងការផលិត វីដេអូឯកសារ « របាំអប្សរា » នាងខ្ញុំ ល្អហួស ពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានផលិតនៅវីដេអូនេះឡើងមកវិញសារជាថ្មីដើម្បីអោយកូនចៅជំនាន់ក្រោយ បានស្គាល់នូវសម្បត្តិដ៏អស្ចារ្យមួយនេះ បើមានកំហុសខុសឆ្គងដោយប្រការណាមួយនៅក្នុងវីដេអូមួយនេះសូមពុកម៉ែបងប្អូនប្រជាជនកម្ពុជាមេត្តាខន្តីអភ័យទោសដោយក្តីគោរពពីនាងខ្ញុំល្អហួស”។
គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយនោះទេ ដែលប្អូនស្រី ល្អហួស បានពាំនាំវប្បធម៌ខ្មែរ ផ្សព្វផ្សាយទៅកាន់បងប្អូនជនរួមជាតិ និង បងប្អូនជនបរទេស ពោលគឺកាលពីពេលថ្មីៗកន្លងទៅ ប្អូនស្រី ក៏បាននាំយករបាំអប្សរាខ្មែរទៅសម្តែងនៅលើព្រិលទឹកកក នាទីក្រុងហាប៊ិន ប្រទេសចិន ដោយទទួលបានការសាទរពីសំណាក់ប្រជាជនខ្មែរផងដែរ៕