រាជធានីភ្នំពេញ ៖
បុរសម្នាក់ បានស្លាប់នៅនិងកន្លែងភ្លាមៗ ចំណែកឯបុរស២នាក់ទៀត រងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីបើកបររថយន្តចេញពីកម្មវិធី តាមផ្លូវរេចង្កូតបុកដើមឈើ១ដើម ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងកាលពីវេលាម៉ោង២ជាងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅផ្លូវបេតុង១កន្លែង ស្ថិតនៅក្នុងសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក TOYOTA PRIUS ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2U-9582 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរស២នាក់ផ្សេងទៀត បានបើកបរចេញពីកម្មវិធីមួយកន្លែង រួចធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៦ ក៏បត់ចូលទៅកាន់ផ្លូវបេតុងកើតហេតុខាងលើ ដោយធ្វើដំណើរក្នុង ទិសដៅពីត្បូងទៅជើង។
លុះធ្វើដំណើរបានពាក់កណ្តាលផ្លូវ ក៏បានរេចង្កូតទៅស្តាំ បណ្តាលឲ្យជ្រុលទៅបុកដើម អំពិលបារាំងមួយដើម ទាំងកំរោល បណ្តាលឲ្យរថយន្ត រងការខូចខាតមួយកំណាត់មុខ ។ ចំណែកមនុស្សនៅក្នុងរថយន្ត មានម្នាក់ស្លាប់ ជាអ្នកអង្គុយនៅកៅអីខាងក្រោយ រីឯ អ្នកបើក រងរបួសស្រាល និងម្នាក់ទៀត ជាអ្នកអង្គុយក្រោយដែរ រងរបួសធ្ងន់ ត្រូវបានរថយន្តសាម៉ុយមន្ទីរពេទ្យកាល់ម៉ែត្រ បញ្ជូនទៅសង្គ្រោះក្រោយពេលកើតហេតុ ។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារសព បានមកដល់ និងបានរៀបចំយកសពបុរសរងគ្រោះខាងលើ ទៅស្រុកកំណើតដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំភាគីខាងម្ចាស់រថយន្តមកទទួល និងអនុវត្តបន្តតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕