បណ្តាមេដឹកនាំ និងប្រជាជន ជាពិសេសពលរដ្ឋប៉ាឡេស្ទីននៅជុំវិញពិភពលោក បានអបអរសាទរចំពោះបទឈប់បាញ់ថ្មីចុងក្រោយរវាងអីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ដែលផុតអាណត្តិនៅសប្តាហ៍នេះ បាននិយាយថា "កិច្ចចរចាការទូតជាច្រើនខែ ដោយមានសហរដ្ឋអាមេរិក" និងដៃគូជាអ្នកសម្របសម្រួល បានរួមចំណែកដល់ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស"។ ប្រធានអង្គការសហប្រជាជាតិ លោក អែនតូនីញ៉ូ ហ្គូតារេស បាននិយាយថា លោកស្វាគមន៍ចំពោះព័ត៌មាននៃកិច្ចព្រមព្រៀងនេះ ហើយបានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក កាតា និងអេហ្ស៊ីប សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការសម្របសម្រួលកិច្ចចរចា។ លោកស្រី វ៉ាន់ឌឺលីយ៉េន ប្រធានគណៈកម្មការអឺរ៉ុប ប្រធានាធិបតីប្រទេសបារាំង ម៉ាក្រុង អធិការបតីប្រទេសអាល្លឺម៉ង់ អូឡាហ្វ ហ្សូហ្វ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស គៀរ ស្តាមឺ នាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលី អែនតូនី អាល់បានីស ក៏ស្ថិតក្នុងចំណោមមេដឹកនាំជាច្រើនរូបទៀត ដែលបានអបអរសាទរចំពោះបទឈប់បាញ់នេះ។