រាជធានីភ្នំពេញ ៖ 

បុរសបីនាក់ ត្រូវជាមិត្តភក្ដិនិងគ្នា បានចូលផឹកស៊ីក្នុងហាងមួយកន្លែង លុះនៅពេលផឹកស្រវឹងរៀងៗខ្លួន ស្រាប់តែទាស់ពាក្យសម្តីគ្នាឯង បង្កទៅជាហិង្សា ចានហោះ កែវហើរ បណ្ដាលឲ្យបែកក្បាលពីរនាក់។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ខែមករាឆ្នាំ២០២៥ ចំណុចហាងផឹកស៊ីយីហោ COMFOD (ខមហ្វត) ទល់មុខនិងវិទ្យាល័យ ទួលស្វាយព្រៃ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។       

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ មានបុរសបីនាក់គឺសុទ្ធតែជាមិត្តភក្ដិនិងគ្នា បានចូលផឹកស៊ីនៅហាងខាងលើនោះ ។ លុះផឹកស៊ីស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន  មិនដឹងថាទាស់ពាក្យសម្តីអ្វីនិងគ្នាទេ ស្រាប់តែកើតចេញទៅជាហិង្សា គប់ចានហោះ កែវហើរទៅវិញទៅមក នៅក្នុងហាង បណ្តាលឲ្យរបួសបែកក្បាលពីរនាក់ ចំនែកម្នាក់ទៀត មិនបានរបួសនោះទេ ព្រោះគ្រាន់តែជាអ្នកជួយឃាត់ កុំឲ្យឈ្លោះគ្នាបន្តទៀត  ។ 

បន្ទាប់ពីកើតចេញទៅជាអំពើហិង្សាបែបនេះ ខាងសន្តិសុខបានដេញបុរសទាំងបីនាក់ ឲ្យចេញក្រៅ ក៏ស្រាប់តែបុរសបីនាក់នោះ បានរត់ដេញវាយគ្នាប្រសាចពេញផ្លូវ ដោយប្រើសុទ្ធតែខ្សែក្រវាត់ រហូតទាល់តែសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់និងនិយាយហាមឃាត់មិនឲ្យបង្កហិង្សាតទៅទៀត ស្រាប់តែបុរសទាំងនោះមិនស្ដាប់នោះទេ នៅតែទាញខ្សែក្រវាត់វ៉ៃគ្នាទៅវិញទៅមក រហូតទាល់តែកម្លាំងសមត្ថកិច្ចជាច្រើននាក់ ចុះទៅដល់ ធ្វើការឃាត់សួរនាំ ក៏ត្រូវបុរសទាំង៣នាក់នោះ បម្រុងតដៃជាមួយនិងសមត្ថកិច្ចទៀត។ តែត្រូវបានសមត្ថកិច្ច ប្រើធម៌ក្ដៅចាប់វាយខ្នោះបុរសទាំងបីនោះ រួមទាំងវត្ថុតាំងខ្សែក្រវាត់១ យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ដើម្បីចាត់ការតាមនីតិវិធី ។ 

ពាក់ព័ន្ធករណីខាងលើនេះ ភាគីបុរសទាំង៣នាក់ មិនទាន់បានសងសំណងថ្លៃការខូចខាតសំភារៈក្នុងហាងនៅឡើយទេ នៅពេលដែលសមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ ៕