ប្រទេសអេហ្ស៊ីប បានដំណើរការការបញ្ជូនរថយន្តជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា តាមច្រកព្រំដែន រ៉ាហ្វា កាលពីថ្ងៃអាទិត្យ ទី19 ខែមករា បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ចូលជាធរមាន។ រថយន្តជំនួយដំបូងចំនួន 95 គ្រឿង បានបញ្ជូនទៅកាន់តំបន់ហ្គាហ្សា ហើយប្រមាណ 500 គ្រឿងទៀត ត្រូវបានរំពឹងថានឹងបញ្ជូនជាបន្តបន្ទាប់។ គួរបញ្ជាក់ផងដែរថា នៅក្រោមកិច្ចព្រមព្រៀងឈប់បាញ់ រថយន្តដឹកជំនួយមនុស្សធម៌ប្រមាណ 600 គ្រឿង រួមទាំងរថយន្តដឹកប្រេងចំនួន 50 គ្រឿង ត្រូវបានរំពឹងថា នឹងបញ្ជូនទៅកាន់តំបន់ហ្គាហ្សាជារៀងរាល់ថ្ងៃ ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌។