រាជធានីភ្នំពេញ  

បុរសម្នាក់សង្ស័យស្រវឹង បានបើករថយន្តម៉ាកកាម៉ារីហាយប្រីត ជ្រុលទៅបុកនិងក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៩ខែមករា ឆ្នាំ ២០២៥ ចំនុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្តម កែងផ្លូវ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តម៉ាកកាម៉ារីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BA 8252 បើកធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមទិសដៅពីត្បូងទៅជើងល្បឿនលឿន។ លុះមកដល់ចំនុចកើតហេតុ សង្ស័យថាអ្នកបើកបរស្រវឹង ទើបធ្វើឲ្យរថយន្ត រេចង្កូតជ្រុលទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតបាក់ខ្ទាតទ្រង់ទ្រាយ អស់ចំនួន២កង់ ព្រមទាំងធ្វើឲ្យរថយន្តបង្ក រងការខូចខាតផែ្នកខាងមុខចំហៀងខាងឆ្វេង បាក់រទិលកង់ ទៅមុខលែងរួច  ។ 

ដោយឡែក អ្នកបើកបរមិនមានរងរបួស ត្រូវបានសមត្ថកិច្ចឃាត់ប្រគល់ឲ្យផ្នែកជំនាញចរាចរណ៍វាស់ជាតិអាកុលផងដែរ  ។ ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ ៕