តារាសម្តែងដ៏ល្បីប្រចាំប៉ុស្តិ៍លេខ៣ថៃ លោក អេឡិច រ៉េនឌែល (Alexander Rendell) បានលាភាពនៅលីវហើយ ដោយបានដឹងដៃកូនក្រមុំដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ជេននី ជានារីក្រៅរង្វង់សិល្បៈ ចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។ ទម្រាំតែមានថ្ងៃនេះ ពួកគេទាំងពីរបានធ្វើការស្វែងយល់ចិត្តគ្នាអស់រយៈពេលរហូតដល់ទៅ៧ឆ្នាំឯណោះ។

យ៉ាងណាមិញនៅក្នុងពិធីរៀបការនេះទាំងមូលគឺបានប្រព្រឹត្តទៅតាមប្រពៃណីថៃទាំងអស់ ដោយនៅអំឡុងពេលព្រឹក កូនកម្លោះរូបនេះបានដង្ហែខាន់ស្លាមកកាន់ផ្ទះកូនស្រី ដើម្បីមកទទួលកូនក្រមុំ ហើយបន្ទាប់មកទៀត នៅវេលាម៉ោង ៨.២៩ នាទីព្រឹក អេឡិច ក៏បានបំពាក់ចិញ្ចៀនកូនក្រមុំ បន្ថែមពីនេះក៏នៅមានសកម្មភាពផ្សេងៗបន្តបន្ទាប់ទៀតផងដែរ។

គួរឱ្យដឹងថា ស្ថិតនៅក្នុងបរិយាកាសដ៏សែនកក់ក្តៅនៃពិធីមង្គលការរបស់ លោក អេឡិច និង នាង ជេននី ដែលបានប្រារព្ធឡើងយ៉ាងអធិកអធមនេះ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់មិត្តសិល្បៈ និងលោកអគ្គនាយកប្រចាំប៉ុស្តិ៍លេខ៣ថៃផងដែរ៕