រាជធានីភ្នំពេញ ៖ 

បុរសជាកម្មកររោងចក្រម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់ខ្លួន បន្ទាប់ពីជួបជុំគ្នាផឹកស៊ីជប់លៀងមិត្តភក្តិទិញម៉ូតូថ្មី ។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ២០២៥ ស្ថិតនៅចំណុចបន្ទប់ជួលលេខ២១ ក្នុងភូមិព្រៃព្រីងខាង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ  រាជធានីភ្នំពេញ ។

ជនរងគ្រោះដែលដេកស្លាប់ឈ្មោះ ចូច ចននី ភេទប្រុសអាយុ១៨ឆ្នាំ ជាបុរសពោះម៉ាយ ជាកម្មកររោងចក្រស្នាក់នៅកន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិកោះគ្របបាយ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ។ តាមព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថានៅវេលាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីចេញធ្វើការ បុរសរូបនោះ បានទៅចូលរួមផឹកស៊ីគ្នា៣នាក់នៅបន្ទប់ជួលជាមួយមិត្តភក្តិនៅជាន់ទី១ ក្បែរបន្ទប់ជួលរបស់ខ្លួនដើម្បីអបអរមិត្តភក្កិទើបតែទិញម៉ូតូថ្មី។ បន្ទាប់ពីផឹកអស់ស្រាបៀរ១កំប៉ុង បុរសរូបនោះ បានសុំមិត្តភក្តិមកសម្រាកនៅក្នុងបន្ទប់របស់ខ្លួនតែម្នាក់ឯងវិញ ដោយប្រាប់ថាមិនស្រួលខ្លួន ។

លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល មិត្តភក្តិទាំង២នាក់បានយកស្រាបៀរចំនួន៥កំប៉ុង ទៅផឹកជាមួយជនរងគ្រោះបន្តទៀត៣នាក់ អស់ស្រាចំនួន៥កំប៉ុង ។ លុះយប់ជ្រៅ មិត្តភក្កិម្នាក់ដែលទើបតែទិញម៉ូតូថ្មីនោះ បានសុំផ្ញើម៉ូតូនៅបន្ទប់ជនរងគ្រោះ រួចហើយ បានបែកគ្នាទៅសម្រាកនៅបន្ទប់ផ្សេងៗគ្នា។ 

នៅព្រឹកឡើង មិត្តភក្តិ បានទៅយកម៉ូតូ ដោយគោះទ្វារហៅអោយបើកទ្វារនិងតេចូល មិនលើក ក៏បាននាំគ្នាគាស់ទ្វារ ស្រាប់តែឃើញបុរសរូបនោះដេកស្លាប់ រួចរាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ទាក់ទងទៅនគរបាលជំនាញដើម្បីត្រួតពិនិត្យ ។

តាមការត្រួតពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្តនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងគ្រូពេទ្យតុលាការ ក៏បានសន្និដ្ឋានថាបុរសរូបនោះស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីខ្យល់គ ៕