លោក ម៉ាជេដ អាល់ អាន់សារី អ្នកនាំពាក្យក្រសួងការបរទេសប្រទេសកាតាបាននិយាយថា ដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា កំពុងត្រូវបានអនុវត្តតាមការគ្រោងទុក ហើយខ្លួនក៏កំពុងរៀបចំសម្រាប់ការចរចារដំណាក់កាលទីពីរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងដូហា លោក អាន់ សារី បានបន្តថា ខណៈដែលមានការពន្យារពេលតិចតួចយោងតាមស្ថានការណ៍ស្មុគស្មាញនៅតំបន់ហ្គាហ្សា បច្ចុប្បន្ន គ្មានបញ្ហាសំខាន់ណាមួយ រំខានដល់ដំណើរការនៃកិច្ចព្រមព្រៀងនោះទេ។ គួរបញ្ជាក់ផងដែរថា ប្រទេសកាតា បាននឹងកំពុងរៀបចំសម្រាប់ការចរចារដំណាក់កាលទីពីរ ដែលគ្រោងនឹងចាប់ផ្តើមនៅរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយដំណាក់កាលទីពីរនៃការចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី 16 បន្ទាប់ពីការចាប់ផ្តើមនៃដំណាក់កាលទីមួយ ហើយបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានដកខ្លួនចេញពីផ្លូវសំខាន់ៗនៅតំបន់ហ្គាហ្សា ប្រជាជនប៉ាឡេស្ទីនប្រមាណ 376.000 នាក់ បានត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ពួកគេវិញ។