ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូក្រសួងការពារជាតិដណ្តើមមេដាយមាស ១១គ្រឿង ខណៈក្រុមកីឡាករ-ក្រុមកីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ២គ្រឿងនៃការប្រកួតកីឡាយូដូជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលការប្រកួតនេះរៀបចំដោយខេមរសហព័ន្ធកីឡាយូដូក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ។

ក្នុងឱកាសពិធីប្រកាសបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូជាផ្លូវការដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងលោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា និងប្រធានបច្ចេកទេសតំណាងខេមរសហព័ន្ធកីឡាយូដូ នៅសាលហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក។

លោក ម៉ារ វង្សវិបុល គ្រូបង្វឹកកីឡាយូដូ ជម្រើសជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករ-ក្រុមកីឡាការិនីយូដូក្រសួងការពារជាតិដណ្តើមមេដាយមាស ១១គ្រឿង ខណៈក្រុមកីឡាករ-ក្រុមកីឡាការិនីក្រសួងមហាផ្ទៃដណ្តើមមេដាយមាស ២គ្រឿង ក្រុមកីឡាករ-ក្រុមកីឡាការិនីខេត្តកណ្តាល ដណ្តើមមេដាយមាស ១គ្រឿង និង ក្រុមកីឡាករ-ក្រុមកីឡាការិនីអូឡាំពិក ដណ្តើមមេដាយមាស ១គ្រឿង។