រាជធានីភ្នំពេញ ៖ 

បុរសម្នាក់ បានបើករថយន្តម៉ាកម៉ាស្ដា ក្នុងស្ថានភាពងងុយដេកងោកមួយភាំងធ្វើឲ្យរថយន្តរេចង្កូតទៅបុកជាមួយនិងក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតរថយន្តយ៉ាងដំណំ ។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣០ខែមករា ឆ្នាំ២០២៥ជិតស្តុបចំការមន ផ្លូវម៉ៅសេទុងកែងនឹងផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានដឹងថាមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បានបើករថយន្តម៉ាកម៉ាស្តា ពណ៌សBT50 ពាក់ស្លាកលេខភ្នំពេញ2BJ 6623 ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេងទុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុមិនដឹងថាបញ្ហាអ្វីរថយន្ត ក៏បានរេចង្កូត ទៅបុកជាមួយនិងក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ បាក់កង់រទិលខាងឆ្វេងទៅមុខលែងរួចហើយចំណែកទ្រូងផ្លូវវិញ រងការខូចខាតវៀចទ្រង់ទ្រាយដើម អស់ចំនួនមួយកង់ផងដែរ ។ 

ករណីខាងលើនេះ អ្នកបើកបរ ក៏បានបញ្ជាក់ដែរថាគាត់ បានបើករថយន្តរបស់គាត់មកដល់ចំណុចកើតហេតុ ដោយសារអត់ងងុយ ហើយងោកមួយភាំងទើបធ្វើឲ្យរថយន្តរេចង្កូតទៅបុកជាមួយនឹងក្បាលថ្មបែបនេះតែម្តងទៅ ។ ក្រោយកើតហេតុ រថយន្តត្រូវបានសមត្ថកិច្ច ជំនាញស្ទូចយកទៅរក្សាទុកនៅចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដំណោះស្រាយ៕