សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្វែរដាក់ក្តីសង្ឃឹមទៅលើប្រភេទកីឡាហែលទឹក និងលោតទឹក ក្នុងការឈានទៅដណ្តើមបានលទ្ធផលមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ខណៈប្រភេទកីឡាហែលទឹកពាក់ជើងទា ដែលក្រុមអត្តពលិកកម្ពុជា ធ្លាប់ដណ្តើមបានមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ៤ នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើម្ចាស់ ឥឡូវនេះ មិនត្រូវបានដាក់ឱ្យមានការប្រកួតនោះ។
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គិរី បានឱ្យដឹងថា លោកនៅមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីសហព័ន្ធកីឡាហែលទឹកពាក់ជើងទាថៃ ចំពោះការមិនដាក់ប្រភេទកីឡាហែលទឹកពាក់ជើងទា នៅក្នុងស៊ីហ្គេម ចុងឆ្នាំ២០២៥ នេះ នៅឡើយទេ ប៉ុន្តែបើតាមអ្វីដែលលោកទទួលបានពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គឺការកំណត់ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៥ បានបិទបញ្ចប់ជាផ្លូវការ តាំងពីខែវិច្ឆិកា។
លោក ហែម គីរី បានបង្ហាញការសោកស្តាយខ្លាំង ដែលប្រភេទកីឡាហែលទឹកពាក់ជើងទា មិនត្រូវបានដាក់បញ្ជូលសម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥នេះ ធ្វើឱ្យក្រុមហែលទឹកពាក់ជើងទាកម្ពុជា បាត់បង់ឱកាសក្នុងការប្រកួតប្រជែងដណ្តើមយកមេដាយមាស ជូនជាតិជាថ្មីម្តងទៀត ខណៈបច្ចុប្បន្ននេះ ក្រុមពួកគេ កាន់តែមានសមត្ថភាពកើនឡើងខ្ពស់ បើធៀបទៅនឹងការត្រៀមខ្លួន សម្រាប់ស៊ីហ្គេម កាលឆ្នាំ២០២៣។
តែទោះបីជាយ៉ាងណា លោកដាក់ក្តីសង្ឃឺមទៅលើក្រុមអត្តពលិកហែលទឹក និងលោតទឹក ថានឹងនៅតែអាចមានលទ្ធភាព ឈានទៅដណ្តើមបានលទ្ធផលល្អជូនជាតិ បើទោះបីជាប្រភេទកីឡារបស់កម្ពុជាទាំង២នេះ មិនធ្លាប់ដណ្តើមបានមេដាយនៅស៊ីហ្គេមកន្លងមកក៏ដោយ។
ចំពោះការដាក់ក្តីសង្ឃឹមនេះ លោក ហែម គីរី បានផ្តោតខ្លាំងទៅលើកីឡាករ កីឡាការិនីកូនកាត់ ដែលកំពុងហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេសកីឡាករហែលទឹកកូនខ្មែរ-បារាំង ដឺឡាប៉ារង អង់ត្វ័ន ដែលធ្លាប់ឡើងដល់វគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែលផ្ងារ ចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ នៅស៊ីហ្គេម ឆ្នាំ២០២៣ ចំណែកកីឡាការិនីកូនខ្មែរ-អាមេរិក Lu-Si Minnich បានក្លាយជាក្តីរំពឹងក្នុងការដណ្តើមបានលទ្ធផលល្អឱ្យកម្ពុជា លើប្រភេទកីឡាលោតទឹក ផងដែរ។
ចំណែកកីឡាហែលទឹក យើងបានដាក់ក្តីសង្ឃឹមទៅលើកីឡាករ កីឡាការិនីមួយចំនួន ជាពិសេស ដឺឡាប៉ារង អង់ត្វ័ន ដោយខ្ញុំរំពឹងថា គាត់នឹងធ្វើបានល្អ ដើម្បីអាចឈានទៅរកមេដាយណាមួយជូនជាតិមាតុភូមិ៕