ខេត្តពោធិ៍សាត់ ៖ 

លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ បានឲ្យដឹងនាល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា ក្រុមការងារខណ្ឌរដ្ឋបាលជលផល ផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយក្រុមការងារបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប របស់យោធភូមិភាគទី-៥, កងទ័ពជើងគោក ,កម្លាំងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និង កងរាជអាវុធហត្ថស្រុកក្រគរ  បានចេញប្រតិបត្តិការត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល បានប្រទះឃើញរថយន្ត១គ្រឿងកំពុងដឹកជញ្ជូនលៀស ដោយគ្មានលិខិតអនុញាត ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ជាលទ្ធផល បង្រ្កាបបាន០២ករណី ហើយ វត្ថុតាងរួមមាន៖ 

-បាឡាសំបកឈើ ទំហំបណ្ដោយប្រវែង១៥ម៉ែត្រ ទទឹង២ម៉ែត្រ និងជម្រៅ១.២(១ក្បៀស២) ម៉ែត្រ មានផ្ទុកលៀសទម្ងន់១០តោនចំនួន០១គ្រឿង ។

-រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប៊ិច ទ្រុងពណ៌ចំរុះ ពាក់ស្លាកលេខ 3B 4302 មានផ្ទុកលៀសចំនួន២៥០ការ៉ុង ០១គ្រឿង និង ធ្វើការណែនាំអប់ររំកម្មកបើកកាណូតចំនួន០៤នាក់ ដោយធ្វើកិច្ចសន្យាលាយលក្ខណ៍ ជាអក្សរត្រឹមត្រូវ ។

នាយខណ្ឌរដ្ឋបាលជលផលដដែល ឲ្យដឹងទៀតថាចំពោះលៀសទាំងអស់ ក្រុមការងារបានចាក់ចូលក្នុងទឹកបឹងទន្លេសាបវិញ។ ចំណែកមធ្យោបាយដឹកជញ្ជូន(កាណូត និងរថយន្ត) បានរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលក្រគរ ដើម្បីបន្តនីតិវិធី ដោយបាន ទទួល ការអនុញាត់ពី លោក ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ៕