លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី23 ខែមករាថា លោកមិនប្រាកដថា សហរដ្ឋអាមេរិកគួរតែចំណាយអ្វីលើអង្គការណាតូទៀតនោះទេ ខណៈដែលកន្លងមកសហរដ្ឋអាមេរិកបានការពារសមាជិកអង្គការណាតូ ប៉ុន្តែពួកគេ «មិនបានការពារយើងវិញទេ»។ លោក ត្រាំ បានទាមទារម្តងហើយម្តងទៀតឲ្យសមាជិកនៃសម្ព័ន្ធភាពអាត្លង់ទិកខាងជើងមួយនេះ ចំណាយ 5% នៃផលិតផលក្នុងស្រុកសរុបរបស់ពួកគេលើវិស័យការពារ ដែលជាការកើនឡើងយ៉ាងខ្លាំងលើសពីគោលដៅ 2% បច្ចុប្បន្ន និងជាកម្រិតមួយដែលគ្មានសមាជិកអង្គការណាតូ ណាមួយ រួមទាំងសហរដ្ឋអាមេរិក ឈានដល់នោះ។